អភិបាលខេត្តប៉ៃលិន  លើកទឹកចិត្តដល់ប្រជាកសិករក្នុងការបង្កើនការដាំដុះ ឲ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

0

(ប៉ៃលិន)៖ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅតាមបណ្តាសហគមន៍នាក្នុងស្រុកសាលាក្រៅ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្ត​ប៉ៃលិន បានកោតសរសើរ និងលើកទឹកចិត្ត ដល់ប្រជាកសិករ ដែលប្រកបរបរដាំដុះបន្លែផ្សេងៗ នៅតាមបណ្តាសហគមន៍ នៃឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដោយលោកជំទាវអភិបាលខេត្ត លើកឡើងថា ការដាំដុះបន្លែបង្ការ ដែលមានរយៈពេលខ្លី បន្ថែមពីលើការធ្វើស្រែចម្ការ គឺដើម្បីផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ និងជាតម្រូវការទីផ្សារក្នុងស្រុកផងដែរ ។ពិធីនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយលោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ជាច្រើនរូប។

បើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា៖ បច្ចុប្បន្នទីផ្សារបន្លែមានលក្ខណៈល្អប្រសើ ពេលដាំបាន គឺឈ្មួញកណ្តាលប្រមូលទិញទាំងអស់ ពេលខ្លះប្រជាកសិករផលិតមិនទាន់ សម្រាប់បំពេញតម្រូវការទីផ្សារទៀតផង ដោយក្នុងនោះបន្លែ ក្រៅតែពីលក់ក្នុងមូលដ្ឋាន គឺមួយចំនួនត្រូវនាំទៅផ្គត់ផ្គង់នៅទីផ្សារខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ពិសេសនៅតាមផ្សារទំនើប។ លោកបានបន្តថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារ ដើម្បីបណ្តុះបណ្តាល ដល់សហគមន៍កសិករ ហើយក៏បានជួយផ្តល់អ្នកជំនាញ ទៅបណ្តុះបណ្តាល ដល់មូលដ្ឋានផ្ទាល់ ធ្វើយ៉ាងម៉េចឱ្យការដាំដុះ របស់បងប្អូនទទួលបានផលច្រើន ចំណាយតិច ហើយមានសុវត្ថិភាព ដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកដាំផ្ទាល់ ដោយជៀសវាង ឬកាត់បន្ថយការប្រើប្រាស់ជីគីមី ។

ថ្លែងក្នុងឪកាសចុះពិនិត្យការដាំដុះបន្លែផ្សេងៗ នៅតាមបណ្តាសហគមន៍នេះដែរ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន លើកឡើងថា៖ ផលដំណាំបន្លែ របស់ប្រជាកសិករយើង ទទួលបានលទ្ធផលល្អប្រសើរ ទាំងបរិមាណ និងគុណភាព គឺសម្រាប់ផ្គត់ផ្គង់តម្រូវការ នៅទីផ្សារក្នុងខេត្តប៉ៃលិន ក៏ដូចជាទៅតាមបណ្ដាខេត្តមួយចំនួនទៀត ដូច្នោះសូមឲ្យបងប្អូនប្រជាកសិករ ដែលប្រកបរបរដាំបន្លែទាំងអស់ ត្រូវយកចិត្តទុកដាក់ពីគុណភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ ដោយព្យាយាមប្រើប្រាស់ជីធម្មជាតិ និងអនុវត្តឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ក្នុងករណីចាំបាច់ គឺត្រូវប្រើថ្នាំពុលសម្លាប់សត្វល្អិតផងដែរ។ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរកសិកម្ម ក៏ដូចជាមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវខិតខំស្រាវជ្រាវ  អភិវឌ្ឍន៍បច្ចេកទេសថ្មីៗ ដើម្បីយកមកបង្ហាត់បង្ហាញដល់ប្រជាកសិករ និងជួយអន្តរាគន៍អោយបានទាន់ពេលវេលា ក្នុងករណីដំណាំកសិកម្មរបស់ប្រជាពលរដ្ឋជួបបញ្ហា និងត្រូវខិតខំសិក្សាស្រាវជ្រាវរកទីផ្សារ សម្រាប់លក់ផលិតផល របស់ប្រជាកសិករយើងផងដែរ។ ជាការឆ្លើយតបបងប្អូនប្រជាកសិករបានសម្ដែងនូវការថ្លែងអំណរគុណ និងអារម្មណ៍រីករាយ ស្នឹលស្នាលជាមួយលោកជំទាវអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងជួយដល់បងប្អូនប្រជាកសិករ ទាំងផ្នែកថវិកា បច្ចេកទេស និងការរកទីផ្សារលក់កសិផលរបស់បងប្អូនប្រជាកសិករ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ក៏បានឧបត្ថម្ភជាដើមទុនមួយចំនួន ដល់ប្រជាកសិករ សម្រាប់ពង្រឹង និងពង្រីកការដាំដុះបន្លែបន្ថែម ព្រមទាំងសន្យាជួយទិញបន្លែ របស់ប្រជាកសិករយើងផងដែរ៕​

អត្ថបទ ភ្នំខៀវ ប៉ៃលិន