បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២២ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៣

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៣​ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សុខ រីណា មេបញ្ជាការរង នាយសេនាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​ឧត្ដមសេនីយ៍​ទោ​សុក​រីនណា​ និង​ប្រតិភូ​ នៃបញ្ជាការ​ដ្ឋាន​យោធភូមិភាគ​ទី​៤​ នឹងបានរាយការណ៍សង្ខេបអំពីលទ្ធផលសំខាន់ៗ ដែលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តបាន ព្រមទាំងលើកឡើងនូវទិសដៅភារកិច្ចចាំបាច់មួយចំនួន សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារយោធាសន្តិសុខ ដែលសម្រេចបាននៅក្នុងឆ្នាំ២០២២ និងទិសដៅភារកិច្ចដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៣ តាមផែនការ ដែលយោធភូមិភាគទី៤ បានដាក់ចេញ។ បន្ទាប់មកអង្គប្រជុំបានស្ដាប់បទអន្តរាគមន៍របស់បណ្ដាកងឯកភាពមួយចំនួន និងបានបំពាក់ឋានន្តរសក្កិ ថ្នាក់នាយទាហានរង ជូនយោធិនចំនួន៤០រូប ព្រមទាំងបានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិ ជូនដល់អង្គភាពនិងបុគ្គល ដែលមានស្នាដៃល្អក្នុងការងារប្រឡងប្រណាំង បង្កបង្កើនផលចិញ្ចឹមសត្វផងដែរ។

ឧត្តមសេនីយ៍ទោ សុខ រីណា បានឡើង​មាន​មតិ​សំណេះសំណាល​ និង​បាន​ធ្វើការកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់កងឯកភាព និងយោធិនទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ច សម្រេចបានលទ្ធផលល្អតាមផែនការដែលថ្នាក់លើប្រគល់ជូន ក្នុង​ឆ្នាំ​២០២២​ កន្លង​មក​ ។

ឧត្តមសេនីយ៍ទោ សុខ រីនណា បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលអង្គភាពត្រូវយកចិត្តទុកដាក់អនុវត្តមានជាអាទិ៍ ទី១ កិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យទន្លេ និងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ធំ។ ទី២ យកចិត្តទុកដាក់អនុវត្តផែនការការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅពេលខាងមុខ។ និងទី៣ ខិតខំហ្វឹកហ្វឺនរៀនសូត្រ ពង្រឹងសមត្ថភាពយោធិន ក្នុងភារកិច្ចការពារជាតិ សាសនាព្រះមហាក្សត្រនិងការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាមួយនោះដែរត្រូវយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕