លោកក សាយ គឹមឡម  អំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បី អនាម័យ សោភ័ណភាព និងអភិវឌ្ឍស្រុកស្ទោង

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងរដ្ឋបាលឃុំកំពង់ចិនត្បូង បានចុះពិនិត្យមើលស្ថានភាពនិងវឌ្ឍនភាពនៃការបំពាក់សូឡា បំភ្លឺផ្លូវបេតុង នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនេះដែរលោក សាយ  គឹមឡម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ នៅអមសង្ខាងផ្លូវត្រូវចូលរួមសហការទាំងអស់គ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីភូមិឃុំស្រុកយើងមានអនាម័យ សោភ័ណភាព និងមានការអភិវឌ្ឍទាំងអស់គ្នា។  លោកបានបន្តទៀតថា  សម្រាប់រដ្ឋបាល ឃុំ និងស្រុកស្ទោង អាជ្ញាធរមូលដ្ឋាលតែម្នាក់ឯង មិនគ្រប់គ្រាន់ឡើយសម្រាប់អភិវឌ្ឍមូលដ្ឋានពិសេសជនបទ គឺត្រូវមានការចូលរួមបន្ថែមទៀតពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសគឺសប្បុរសជននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្តង។

ជាមួយនេះផងដែរលោក សាយ គឹមឡមអភិបាលស្រុកស្ទោង ក៏បានជំរុញដល់រដ្ឋបាលឃុំកំពង់ចិនត្បូង និងអ្នកទទួលការបំពាក់សូឡាត្រូវបង្កើនកិច្ចសហការនិងយកចិត្តទុកដាក់ បំពាក់សូឡានេះឱ្យបានឆាប់រហ័ស មានសោភ័ណភាព និងប្រកបដោយបច្ចេកទេសគុណភាព ធានានូវគុណភាពប្រើប្រាស់បានយូរអង្វែង និងមានការចូលរួមថែរក្សាពីប្រជាពលរដ្ឋនៅសង្ខាងផ្លូវក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

គួរបញ្ជាក់ផងដែរថា សូឡាដែលត្រូវបំពាក់លើផ្លូវបេតុងនេះ មានចំនួន៣០ដើម ដែលមានខ្នាត(Histar៧៩៨) និងចំងាយសរុបជិត៨០០ម៉ែត្រ  ដែលជាអំណោយរបស់សប្បរសជនជិតឆ្ងាយ។