បុរសម្នាក់បានរងរបួសពេញខ្លួន ដោយសារផ្ទុះគ្រាប់ដែលបានបន្សល់ពីសម័យសង្គ្រាម នៅក្នុងខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ

0

ខេត្តឧត្តរមានជ័យ៖ បុរសកសិករម្នាក់ ត្រូវបានគេជួយដឹកយកទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារផ្ទុះគ្រាប់មីន បន្សល់ពីសម័យសង្គ្រាមនោះមក។ ហេតុការនោះបានកើតឡើង នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៣ នៅក្នុងដីចំការមួយកន្លែង ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។

មន្រ្ដីអាវុធហត្ថស្រុកអន្លង់វែង បានប្រាប់ឲ្យដឹងថា ពិតជាមានករណីផ្ទុះក្បាលគ្រាប់ បន្សល់ពីសម័យសង្គ្រាមនោះមែន គឺក្បាលកង់ដង់ឡង់ AK47 នៅចំការដំឡូងមីមួយកន្លែង នៅក្នុងទីតាំងខាងលើ បានបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ គឺ ឈ្មោះ ព្រាល អ៊ិត អាយុ ២៩ឆ្នាំ រស់នៅភូមិរាជជម្ទុល ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។

មន្ត្រីដដែលបានបញ្ជាក់ថា មូលហេតុដែលផ្តើមឲ្យបុរសនេះ រងនូវការផ្ទុះគ្រាប់រងរបួសពេញខ្លួនបែបនេះ បន្ទាប់ពីបុរសរងគ្រោះបានឃើញក្បាលគ្រាប់ខាងលើនោះ ត្រូវបានគេសៀតជាប់នឹងគល់ស្វាយ នៅពេលនោះគាត់ក៏បានដកយកក្បាលគ្រាប់នោះ ទៅគោះនឹងកាំបិតខ្វែវ ធ្វើឲ្យគ្រាប់នោះផ្ទុះឡើងតែម្តង។ ក្រោយហេតុការណ៍គ្រោះថ្នាក់នោះ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ សាច់ញាតិ បញ្ជូនទៅង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប ៕ ដោយ៖ភ្នំដងរែក