សមត្ថកិច្ចខេត្តមណ្ឌលគិរី ចុះបង្ក្រាបរថយន្តបាកុងពីរគ្រឿង រឹបអូសបានឈើមូល និងឈើជ្រុងបានជាច្រើនម៉ែត្រគូប

0

ខេត្តមណ្ឌលគិរី៖ កម្លាំងរដ្ឋបាលព្រៃឈើ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី បានចុះបង្ក្រាបឈើ នៅក្នុងទីលានប្រណាំងរថយន្ត Off-Road និងបានរឹបអូសយករថយន្តបាកុង ២គ្រឿង ម៉ូតូ ១គ្រឿង រួមទាំងឈើមូល និងឈើជ្រុងជាច្រើនម៉ែត្រគូប យកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី។

ប្រតិបត្តិការបង្ក្រាបឈើរបស់កម្លាំងសមត្ថកិច្ចខេត្ត បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៣ នៅក្នុងទីលានប្រណាំងរថយន្ត Off-Road ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចនៅក្នុងការបង្ក្រាបឈើនឡ បានឱ្យដឹងថា នៅពេលសមត្ថកិច្ចចម្រុះ ឆ្មក់ទៅបង្ក្រាបទីតាំងខាងលើនេះ គេឃើញតែឈើអារកាត់ជាកង់វែងៗ មូលៗ នៅរាយប៉ាយ ជាច្រើនម៉ែត្រគូប រួមទាំងរថយន្តបាកុង ២ គ្រឿង និងម៉ូតូ ១ គ្រឿងតែប៉ុណ្ណោះ។ ចំណែកជនល្មើស បានរត់គេចខ្លួនចូលព្រៃអស់។

សមត្ថកិច្ចបានឱ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីកងរាជអាវុធហត្ថ ដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះ រាជអាជ្ញារង អមសាលាដំបូង ខេត្តមណ្ឌលគិរី គឺជាអ្នកដឹកនាំនៅក្នុងការចុះបង្ក្រាបរថយន្ត និងម៉ូតូដឹកឈើនោះ។

ប្រភពដោយឡែកមួយផ្សេង បានបង្ហើបឲ្យដឹងថា ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសព្រៃឈើ ខុសច្បាប់ខាងលើនេះ គឺមេឈ្មួញឈើចាស់វស្សាម្នាក់ ឈ្មោះ ចែ គា ជាមួយម្ចាស់ទីតាំង ដើម្បីអារជ្រៀក ដឹកឈឺ ដោយលួចលាក់ ចេញទៅខាងក្រៅ។

ក្រោយការត្រួតពិនិត្យវត្ថុតាងទាំងអស់ មន្ត្រីជំនាញ បានដឹកជញ្ជូនយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ដើម្បីបន្តចាត់ការតាមនីតិវិធី។

គួររំលឹកថា កាលពីយប់ថ្ងៃទី១២កុម្ភះ២០២៣ កន្លងទៅ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថមណ្ឌលគិរី បានឆ្មក់ចុះបង្ក្រាបសិប្បកម្មកែច្នៃឈើប្រណិតគ្មានច្បាប់ របស់ជនជាតិវៀតណាមមួយកន្លែង រឹបអូសឈើបានជាង ៣០ម៉ែត្រគូប ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។

ប្រតិបត្តិការនេះ បានដឹកនាំបញ្ជាដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។ ក្រោយការបង្ក្រាប វត្ថុតាងដែលរឹបអូសបាន ត្រូវបានគេដឹកយកទៅរក្សាទុក នៅការិយាល័យខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ៕ ដោយ៖ឡុង សំបូរ