កំពង់ធំ÷ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្កបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត២០២៣ ជាមួយបងប្អូនលោកយាយលោកតា ដែលទទួលបានថវិកាប្រចាំខែពីប្រមុខរាជរដ្ឋាភិបាល រងហានិភ័យអតិផរណា ចំនួន២៥៨ គ្រួសារ នៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ជាមួយនេះផងដែរ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក ក៏បានណែនាំអំពីតួនាទីភារកិច្ច ដល់មេក្រុមបក្សដែលបានចូលរួមក្នុងពិធីនេះ ដោយត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ហើយត្រូវមានឯកសារគ្រប់គ្រាន់ និងជាពិសេសប្រធានក្រុមបក្សនីមួយៗ ត្រូវមានភារកិច្ចដឹកនាំសមាជិករបស់ខ្លួនបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដោយអនុវត្តពាក្យស្លោក(សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក) ដេីម្បីបន្តដណ្ដើមយកជ័យជម្នះជាថ្មីទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅពេលខខាងមុខ។
ជាចុងក្រោយ លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក បានណែនាំដល់អនុគណៈកម្មការ ប្រធានសាខាបក្ស និងប្រធានក្រុមបក្សនីមួយៗ ត្រូវខិតខំបំពេញតួនាទីភារកិច្ចក្នុងការគ្រប់គ្រងពង្រឹងសតិអារម្មណ៍សមាជិករបស់ខ្លួន ឱ្យមានឆន្ទៈនិងមនសិកាដាច់ខាតស្មោះត្រង់ចំពោះគណបក្ស ប្រជាជន និងដើម្បីប្រជាជនកម្ពុជា។ ការណែនាំអំពីភារកិច្ចមួយចំនួន ដែលត្រូវអនុវត្តចាប់ពីពេលនេះតទៅ រហូតដល់ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្រោយពេលរាប់សន្លឹកឆ្នោត រហូតដល់បានបង្កើតរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧។
គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយរបស់ឯកឧត្តមអភិបាលខរត្ត និងជាប្រធានគណបក្សខេត្ត ផ្តល់ជូនដល់គ្រួសារ ក្នុង០១គ្រួសារទទួលបាន÷ អង្ករ១០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០៣កំប៉ុង មី១០កញ្ចប់ផងដែរ ៕





































