ខេត្តព្រះវិហារ. កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ឯកឧត្តមឧត្តមសេនីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងអស់លោកមេបញ្ជាការរង បាននាំយកអំណោយមួយចំនួនមានគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ និងថវិការមួយចំនួនធំយកទៅចែកជូនចាស់ជរាគ្មានទីពឹងថែមទាំងមានជំងឺប្រចាំកាយចំនួន២គ្រួសារនៅភូមិភារៈកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ គ្រួសារទី១ មានឈ្មោះ រ័ត្ន សារឿន អាយុ៩២ឆ្នាំ និងប្រពន្ធឈ្មោះ ហួយ លេង អាយុ៦៦ឆ្នាំ មុខរបរបោកអ៊ុតប៉ុន្តែលោកតាដែលត្រូវជាប្តីមានជម្ងឺខ្វិន និងងងឹតភ្នែក ចំណែកឯលោកយាយបានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងត្រគៀកដើរមិនរួច ហើយរស់នៅជាមួយចៅស្រីម្នាក់ បានទទួលអំណោយ១ឈុតដែលមានគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ និងថវិការមួយចំនួន៣០ម៉ឺនរៀល ។ចំណែកគ្រួសារទី២ មានឈ្មោះលោកតា ប៉ិច ហម អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ សែន រដ្ឋា អាយុ៥៩ឆ្នាំ ប្តីមានមុខរបរជាជាងប៉ះកង់ រីឯប្រពន្ធមានជម្ងឺជាទំងន់ងើបពុំរួច ទទួលបានអំណោយដូចគ្នា តែថវិការចំនួន២០ម៉ឺនរៀល ។
ឯកឧត្តមឧត្តមសេនីយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានមានប្រសាសន៍ថាៈ យោងតាមការណែនាំ និងចង្អុលបង្ហាញពីសំណាកឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយឲ្យអាវុធហត្ថក្រោមឱវាតក្រៅពីបំពេញភារៈកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធរណៈ និងការពារសុវត្តិភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរនោះនៅមានភារៈកិច្ចជាច្រើនទៀតដូចជា ការសាសង់ជំរកស្នាក់នៅជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះអគ្គីភ័យ ឬគ្រោះធម្មជាតិ ពិសេសជាងនេះទៅទៀតគឺការងារមនុស្សធម៍អាវុធហត្ថខេត្តព្រះវិហារបានធ្វើ និងអនុវត្តជាប្រចាំ ។
ឯកឧត្តមបានបន្តឲ្យដឹងទៀតថាៈ ការនាំយកអំណោយមកជូននៅថ្ងៃនេះដោយសារទទួលបានពត៍មានពីលោក ឈឿន ចាន់ ភ្នាក់ងារទូរទស្សន៍អប្សរាប្រចាំខេត្តព្រះវិហារ ទើបអាវុធហត្ថខេត្តរៀបចំចំណាយថវិការជាបន្ទាន់ទិញសំភារៈមួយចំនួនរួមទាំងថវិការផងយកមកផ្តល់ជួន ថ្វីត្បិតអំណោយទាំងអស់នេះមិនសមតាមតម្រូវការក៍ពិតមែនតែអាចជួយសំរាលទុក្ខលំបាកបានមួយចំណែកផងដែរ នេះហើយជាវប្បធម៍ចែករំលែកជួយគ្នានៅពេលគ្រាមានអាសន្នមិនថានៅទីណានោះទេ ។ ជាចុងក្រោយលោកតា និងលោកយាយ២គ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថខេត្តដែលបាននាំយកអំណោយសង្គ្រោះបន្ទាន់មកជូននៅពេលនេះ ។
សូមបញ្ជាក់ផងដែរថាៈ លោកយាយ ហួយ លេង កាលពីកន្លះខែមុនពេលដែលលោកយាយសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ១៦មករាខេត្ត ឯកឧត្តមក៍បានជូនដំណឹងទៅកាកបាទក្រហមសាខាខេត្តព្រះវិហារបាននាំយកអំណោយមានឃីត ០១កញ្ចប់ និងថវិការ១០ម៉ឺនរៀលផងដែរ ៕