(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រកបរបររត់រត់ម៉ូតូឌុប និងម៉ូតូកង់បី ចំនួន៨៩នាក់ នៅក្នុងស្រុកតាំងគោកដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ជាបណ្តាញសង្គម ឲ្យពួកគាត់ចូលរួម ផ្តល់ព័ត៌មានពាក់ព័ន្ធ នឹងការ
អនុវត្តភូមិ-ឃុំមានសុវត្ថិភាព រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីការអភិវឌ្ឍនានា នៅក្នុងស្រុកតាំងគោក និងទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៣។
លោក ហាក់ ម៉ុងហួត បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ។ ជាពិសេសសម្តេចតែងតែមានការអាណិតស្រឡាញ់ និងបារម្ភព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ។ ជាក់ស្តែងនាពេលកន្លងមក ក្នុងអំឡុងពេលនៃទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ក្នុងគោលបំណងជួយសម្រួលដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងរស់នៅក្នុងភូមិសាស្រ្ត នៃតំបន់ដែលបានអនុវត្តវិធានការបិទខ្ទប់។
លោកអភិបាលស្រុកតាំងគោក បានមានលើកឡើងថា៖ ការជួបសំណេះសំណាលនេះ មានគោលបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់ បងប្អូនជាអ្នកម៉ូតូឌុប និងម៉ូតូកង់បី ដែលមិនសូវបាននៅផ្ទះជាប់រវល់ក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូនគឺជាភ្នាក់សន្តិសុខដ៏សំខាន់ក្នុងកាចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសការចូលរួមដ៏សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានផ្តាំផ្ញើដល់បងប្អូន ប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ បានផ្ដល់អំណោយដល់ចាត់វិធានការណ៍ឲ្យបានទាន់ពេលវេលា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា នៅក្នុងឱកាសសំណេះសំណាលនេះលោកអភិបាលស្រុកតាំងគោក បានឧបត្ថម្ភដល់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី ទាំង៨៩នាក់ ដោយក្នុង០១នាក់ទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម មីឥ១កេសទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ៕





































