ភ្នំពេញ៖ រថយន្តដឹកដី១គ្រឿងបានបើកបរ ក្នុងល្បឿនផ្ដាច់ព្រលឹង បានជ្រុលទៅបុកពី ក្រោយ រថយន្តសាន់យ៉ុង១គ្រឿង ដែលកំពុងឈប់ព្រោះមាន មានបុរស២នាក់ជួបគ្រោះ ថ្នាក់ចរាចរ និងកំពុងបណ្ដើរម៉ូតូចេញពីផ្លូវនៅខាងមុខ ។ ខណៈនោះរថយន្តបែនដឹក ដីខាងលើមិន បានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមកាច់ចង្កូតគេចចេញពីរថយន្ត សាន់យ៉ុង ក្នុងបំណងរត់គេចខ្លួន ។ប៉ុន្តែគ្រាន់តែគេចចេញផុតពីរថយន្តសាន់យ៉ុងនោះបន្តិច ក៍បានវាក់ជាមួយបុរសអ្នកបណ្ដើរម៉ូតូ ក៍បានបុក និងកិនទាំងកំរោល បណ្ដាលឲ្យ ជនរងគ្រោះ ម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែរថយន្តបង្កបានក្រឡាប់ដេកស្ដូកសង្កត់លើម៉ូតូជនរង គ្រោះតែម្ដង។
ហេតុការណ៌នេះបានកើតឡើង កាលពីវេលាម៉ោង ១៧ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៣ ខាងជើងវិទ្យល័យពងទឹកប្រមាណ៥០ម៉ែត្រ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកនីស្សាន់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-1366 បើកបរដោយ បុរសម្នាក់ឈ្មោះ ចំរើន ចំរ៉ុង អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅភូមិក្រាំង ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង និងស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សី សង្កាត់ស្ទឹងមាន ជ័យខណ្ឌមានជ័យ ។ រថយន្តនោះបានបុកពីក្រោយរថយន្ត សាន់យ៉ុង១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Q-1463 ជារថយន្តតាក់ស៊ី ដោយមានមនុស្សជិះនៅក្នុងនោះ ប្រមាណជាង១០នាក់។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ កង់ នាថ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាកស្លាកលេខ សៀមរាប 1H-5737 មានទីលំនៅក្នុងភូមិរុង ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ និងម្នាក់ទៀតរងរបួសស្រាល ត្រូវជាប្អូនប្រុសបង្កើតឈ្មោះកង់ នុត អាយុ៣២ឆ្នាំមានទីលំនៅក្នុងភូមិ ជាមួយគ្នា។
តាមប្រភពព័តមានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បងប្អូនបានជិះម៉ូតូឌុបគ្នា ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុច កើតហេតុ ស្រាប់តែមានម៉ូតូម៉ាកស្មាស់ ១គ្រឿងទៀតបើកស្របគ្នាទៅដល់ ហើយបានកៀរ ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលទាំងអស់គ្នា។ ប៉ុន្តែជនរងគ្រោះទាំង២នាក់បានរបួសយ៉ាង ដំណំ ចំណែកភាគីម្ខាងទៀតរបួសស្រាលជាក៍បានក្រោយលើកម៉ូតូជិះគេចខ្លួនបាត់ ។ខណៈ នោះរថយន្តសាន់យ៉ុងទៅដល់បានឈប់ស្ងៀម ជនរងគ្រោះឈ្មោះកង់ នាថ បានក្រោកលើក ម៉ូតូអូសចេញពីកណ្ដាលផ្លូវ។
លុះបន្តិចក្រោយមក ស្រាប់តែរថយន្តដឹកដីខាងលើ បើកក្នុងទិសដៅស្របគ្នា ទៅដល់ បុករថយន្ត សាន់យ៉ុងពីក្រោយ ពេញទំហឹងបណ្ដាលឲ្យខូចខាតគូទ ក្រោយយ៉ាងដំណំ។ ភ្លាមៗនោះរថយន្តដឹកដីមិនបានឈប់នោះទេ បានកាច់ចង្កូតគេចចេញពី ក្រោយរថយន្តសាន់ យ៉ុង ក្នុងបំណងរត់គេចខ្លួន ហើយក៍បានជ្រុលទៅបុក ជនរងគ្រោះដែល កំពុងអូសម៉ូតូ បណ្ដាលស្លាប់ ហើយរថយន្តនោះបានក្រឡាប់សង្កត់ពីលើម៉ូតូថែមទៀត។ ក្រោយពេលកើត ហេតុ ប៉ូលីសបាននាំយករថយន្ត ទាំង២គ្រឿងនិងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌ រង់ចាំការដោះស្រាយគ្នា៕