ខេត្តប៉ៃលិន ៖បុរសអ្នករត់តាក់ស៊ីម្នាក់ ដោយខ្ជិលរត់ក៍យករថយន្តកាមរីស៊េរីឆ្នាំ៩៣ ចង្កូតស្តាំរបស់ខ្លួនមួយគ្រឿង ទៅជួលឱ្យអ្នកស្គាល់គ្នាម្នាក់ ដើម្បីឱ្យរកស៊ីដឹកផ្លែឈើពីថៃមកស្រុកខ្មែរ លុះជួលរយៈពេលជិតមួយខែ ស្រាប់តែយករថយន្តនោះ ទៅបញ្ចាំឱ្យបុរស ម្នាក់ទៀត ដោយយកប្រាក់ចំនួន៥ម៉ឺនបាត (ប្រាក់ថៃ) ទៅចាយវាយលេងល្បែងកាស៊ីណូ និងស្រីញីអស់រលីង រួចរត់គេចខ្លួនបាត់ស្រមោល ក្រោយមក មានគេប្រទះឃើញរថយន្តចតទុកចោលនៅកន្លែងបញ្ចាំ ក៏ប្រាប់ម្ចាស់ឱ្យដាក់ពាក្យបណ្តឹងទៅប៉េអឹម ដើម្បីចុះទៅយកត្រឡប់មកវិញ ។
ការចុះទៅយករថយន្តនេះកាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២៩ កញ្ញា ២០១៤ ស្ថិតនៅភូមិដីថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
តាមប្រភពពីនាយការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទ័ណ្ឌ កងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ស៊ីនតាំ បានឱ្យដឹងថា ម្ចាស់រថយន្តឈ្មោះជុំ សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះឈឿន ស្រីណុច អាយុ២៩ឆ្នាំ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយមានរថយន្តម៉ាកកាមរីពណ៌ខ្មៅ ស៊េរីឆ្នាំ៩៣ ចង្កូតស្តាំ ពាក់ស្លាកលេខ បាត់ដំបង 2A-2956 ។
ចំណែកអ្នកជួលរថយន្តឈ្មោះស៊ីណា ភេទប្រុស អាយុប្រហែល៤០ឆ្នាំ រស់នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំណែកអ្នកទទួលបញ្ចាំឈ្មោះហែម ចន្ថា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពពីម្ចាស់រថយន្តបានឱ្យដឹងថា មុនពេលកើតហេតុ រូបគេបានជួលរថយន្តកាមរីនោះឱ្យទៅជនសង្ស័យព្រោះធ្លាប់ស្គាល់គ្នា ឈ្មោះស៊ីណា ក្នុងតម្លៃ១ខែចំនួន៩០ម៉ឺនរៀល ដោយជួលតាំងពីថ្ងៃទី០៥ កញ្ញា នេះ ហើយមានធ្វើកិច្ចសន្យា និងមានសាក្សីផ្តិតមេដៃដឹងឮត្រឹមត្រូវ ។
ប្រភពបន្តទៀតថា មុនដំបូងជនសង្ស័យនោះបានបង់ប្រាក់នៅដើមខែចំនួនពាក់កណ្តាលដោយសន្យាថា នៅចុងខែបង់ជូនម្ចាស់រថយន្តបន្តទៀតគ្រប់ចំនួន ។ លុះក្រោយមកជិតដល់ចុងខែ ម្ចាស់រថយន្តបានទាក់ទងទៅអ្នកជួលតាមទូរស័ព្ទគេឆ្លើយប្រាប់ថា កំពុងដឹកអីវ៉ាន់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ម្ចាស់រថយន្តក៏មិនចាប់អាម្មណ៍នោះដែរ ព្រោះមិនដែលឃើញរថយន្តរបស់ខ្លួនត្រូវគេបើកបរនៅក្នុងខេត្ត ប៉ៃលិនទេ តាំងពីជននេះជួលរួចមក ។
ស្រាប់តែមានមិត្តភក្តិប្រទះ ឃើញរថយន្តរបស់គេ ចតទុកចោលនៅក្រោមដើមក្រខុបហាលភ្លៀង ហាលខ្យល់ ដោយយកទៅបញ្ចាំឱ្យបុរសម្នាក់ទៀតឈ្មោះហែម ចន្ថា ពេលនោះម្ចាស់ភ្ញាក់ខ្លួនព្រើតនឹងបានដាក់ពាក្យបណ្តឹងទៅប៉េអឹម ចុះទៅរឹបអូសនឹងហៅ អ្នកបញ្ចាំមកសួរនាំនាល្ងាចនោះដែរតែដោយ ម្ចាស់រថយន្តនិងអ្នកទទួលបញ្ចាំធ្លាប់ស្គាល់គ្នា ក៍ដកពាក្យបណ្តឹងនៅល្ងាចនោះដែរ៕