សមត្ថកិច្ចខេត្តកំពង់ធំ ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង រឹបអូសឈើរាប់សិបសន្លឹក

0

ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកប្រតិបត្តិការបង្ក្រាបរថយន្តម៉ាក់សាំយ៉ុង ១គ្រឿង  ដែលលួចដឹកឈើខុសច្បាប់ ចេញពីទឹកដីខេត្តព្រះវិហារ ឆ្ពោះមកកាន់ខេត្តកំពង់ធំ និងដកហូតបានឈើរាប់សិបសន្លឹក កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៣ ​នៅចំណុចភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មានរថយន្តសាំយ៉ុង ១គ្រឿង ដឹកឈើពេញប្រៀប ចេញពីភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបបានគ្រាដែលរថយន្តដឹកឈើនោះ កំពុងបើកបរនៅលើដងផ្លូវជាតិលេខ៦២ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។​

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តធ្វើការឃាត់រថយន្តនោះទុក និងបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះរថយន្តដែលរងការបង្ក្រាបនោះ ប្រភេទសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2j-0290 បើកបរដោយបុរសម្នាក់ឈ្មោះ ម៉ៅ និងស្ត្រីម្នាក់ទៀត ក៏ស្ថិតនៅក្នុងរថយន្តដឹកឈើនោះដែរ។

សកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២ ត្រូវគេកត់សម្គាល់ឃើញថា ហាក់កើតមានជារៀងរាល់ថ្ងៃ ដោយក្រុមឈ្មួញបានធ្វើការដឹកទាំងយប់ទាំងថ្ងៃ ដឹកដោយចំហរខ្លះ និងដឹកមានការបិទបាំងខ្លះ ផងដែរ។

កត្តាដែលនាំឲ្យឈ្មួញដឹកជញ្ជូនឈើបានដោយរលូនបែបនេះ ត្រូវគេសង្ស័យថា ឈ្មួញមានការត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ចតាមដងផ្លូវអស់ហើយ ជាពិសេសនៅតាមដងផ្លូវជាតិលេខ៦២ មានស្នាក់ការត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ចច្រើនប្រភេទ ប៉ុន្តែ ឈ្មួញនៅតែមានលទ្ធភាពក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ បានយ៉ាងរលូនជាដដែល៕ ដោយ៖ឡុង សំបូរ