ខេត្តព្រះវិហារ៖ វិស័យព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយវត្តដ៏ចំណាស់មួយដែលមានអាយុកាល ៩១ឆ្នាំ បានរងនូវការទ្រុឌទ្រោម និងខណៈនេះត្រូវបានសាងសង់ឡើងវិញ ក្នុងតម្លៃទឹកប្រាក់ ២៤ម៉ឺន ២ពាន់ ១០៨ដុល្លារ ដើម្បីជួយទ្រទ្រង់ និងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានជំនឿជឿជាក់ និងល្អផូរផង់ថែមទៀត។
ក្រោយការបញ្ចប់លើការសាងសង់ព្រះវិហារនេះរួច នៅថ្ងៃទី២០កុម្ភះ ម្សិលមិញ វត្តដែលមានឈ្មោះថា «វត្តសារារាម ហៅវត្តស្រះចក» ស្ថិតនៅក្នុងភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានធ្វើពិធីបញ្ចុះខណ្ឌសីមាឆ្លង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោក មួង ឃីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ និងក៏មានការចូលរួមពីលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដ៏ច្រើនកុះករ ផងដែរ។
អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានថ្លែងថា ព្រះវិហារវត្តសារារាម ហៅវត្តស្រះចក ដែលរៀបចំបញ្ចុះខណ្ឌសីមាឆ្លងនៅពេលនេះ បានចាប់ផ្តើមកសាងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២ និងបានកសាងរួចរាល់ជាស្ថាពរ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានឆ្លងកាត់ព្រះគ្រូចៅអធិការវត្តចំនួន ៥ជំនាន់ ក្នុងរយៈពេល ១០ឆ្នាំមកនេះ។
លោក ហោ ប៊ុនហួរ បានបញ្ជាក់ថា ថវិកាដែលចំណាយលើការសាងសង់សរុប ២៤ម៉ឺន ២ពាន់ ១០៨ដុល្លារ ហើយព្រះវិហារនេះ មានប្រវត្តិកសាងតាំងពីឆ្នាំ១៩៣១ មកម្លេះ និងបើគិតត្រឹមឆ្នាំ២០២៣នេះ ព្រះវិហារវត្តសារារាម ហៅវត្តស្រះចក នេះ បានដំណើរការកសាងអស់រយៈពេល ៩១ហើយ។
ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ លោក មួង ឃីម បានថ្លែងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ផងដែរ។
លោក មួង ឃីម បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានបក្ស និងធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត។
នៅក្នុងឱកាសនោះផងដែរ លោក មួង ឃីម ក៏បាននាំយកថវិកាចំនួន ៩០០ដុល្លារ របស់លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ មកឧបត្ថម្ភដល់កម្លាំងប្រជាការពារ ជាការលើកទឹកចិត្ត ដែលបានខិតខំការពារសន្តិសុខក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យឆ្លងព្រះវិហារនេះ ផងដែរ៕ ដោយ៖ឡុង សំបូរ