ខេត្តព្រះវិហារ៖ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី ,អភិបាលស្រុកឆែប លោក ឡង់ សុបិន បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះឃាត់ត្រាក់ទ័របាន ១គ្រឿង ខណៈត្រាក់ទ័រនោះបានធ្វើសកម្មភាពឈូសឆាយដីព្រៃ ក្នុងទីតាំងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើម្លូព្រៃមួយ។ ចំណែក ត្រាក់ទ័រ ២គ្រឿងទៀត បានបើកគេចចេញពីការបង្ក្រាបរបស់សមត្ថកិច្ចដោយសុវត្ថិភាព។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងចក្រ ភ្ជួរដីក្នុងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើម្លូព្រៃមួយ ដោយខុសច្បាប់នោះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលពី លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដោយមានការចូលរួមពី នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោក ឆិញ សេង នាយផ្នែករដ្ឋបាលព្រៃឈើឆែប លោក សេង លាង និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន នៅទល់មុខក្រុមហ៊ុនចំការអំពៅ ស្ថិតក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែក ម្ចាស់គ្រឿងចក្រនេះ ត្រូវគេស្គាល់ឈ្មោះ ហាវ ហាន ហៅ ហ៊ន ដែលបានតាំងខ្លួនជាអ្នកកាសែត រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
ជុំវិញរឿងឃាត់គ្រឿងចក្រឈូសឆាយដីបំរុងទុករបស់រដ្ឋនេះ លោក ហ៊ន ដែលជាម្ចាស់គ្រឿងចក្រ និងតាំងខ្លួនជាអ្នកកាសែត ផងនោះ បានអះអាងប្រាប់សមត្ថកិច្ចថា ដីនេះជាដីរបស់ខ្លួន និងមានលិខិតកាន់កាប់ចេញពីភួមិ-ឃុំ ត្រឹមត្រូវ ទើបលោក ហ៊ានដាក់គ្រឿងចក្រចូលឈូសឆាយ ។
នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោក ឆិញ សេង បាននិយាយប្រាប់ ម្ចាស់គ្រឿងចក្រថា ខុសត្រូវកុំទាន់អាលវែកញែក ពេលនេះត្រូវយកគ្រឿងចក្រទៅស្នាក់ការថ្នាលបណ្តុះកូនឈើសិន រង់ចាំអាជ្ញាធរ និងសម្ថកិច្ចជំនាញពិនិត្យជាក់ស្តែង ទើបរកខុសត្រូវឃើញ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដីព្រៃបំរុងទុករបស់ខាងលើនេះ ឈ្មួញតែងតែលួចចូលឈូសឆាយ រំលោបយកធ្វើជាកម្មសិទ្ឋិស្ទើអស់ទៅហើយ ហើយផ្ទៃដីដែលនៅសេសសល់បច្ចុប្បន្ននេះ គឺមានចំនួនតិចតួចប៉ុណ្ណោះ ៕ ដោយ៖ឡុង សំបូរ