អបអរសាទរទិវាជាតិ សុខភាពមាតា ទារក កុមារ  ២១ កុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”

0

បន្ទាយមានជ័យ៖សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ  រាត្រីប្រធានគណៈកម្មាធិការសាខា បានអញ្ជើញដឹកនាំ សមាជិកសមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហម រួមទាំងមានការចូលរួមពីបុគ្គលិកពេទ្យនៃមន្ទីរ ពេទ្យបង្អែកនិងមណ្ឌលសុខភាពស្រះជីកស្រុកភ្នំស្រុក អាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងសាកសួសុខទុក្ខដល់មាតា ទារក និងកុមារ ចំនួន ៣៥នាក់ ដែលមកពី៧ភូមិ ក្នុងឃុំស្រះជីកស្រុភ្នំស្រុក  ពិធីនេះបានប្រារព្វនៅក្នុងបរិវេណនៃវិទ្យាល័យភ្នំស្រុក។

ឯកឧត្តមប្រធាន គណៈកម្មាធិការសាខា បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ អ្នកទទួលផលទាំងអស់ នាពេលនេះដែលជានិចកាលសម្តេចប្រធានបានគិតគួរពីសុខទុក្ខដល់បងប្អូនទាំងអស់ទូទាំងប្រទេស។

ឯកឧត្តមបានបន្តទៀតថា “ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ ណែនាំ ចង្អុលបង្ហាញ និងជំរុញសាខាកាកបាទក្រហមកម្ពុជា ២៥ រាជធានី ខេត្ត  ខិតខំធ្វើយ៉ាងណា បន្ដយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយ ណែនាំ ដល់ស្ដ្រីជាម្ដាយ ស្ដ្រីក្នុងវ័យបន្ដពូជ គិតគូរពីសុខភាពផ្ទាល់ខ្លួនគិតគូរពីកូនក្នុងផ្ទៃ ស្របតាមការណែនាំរបស់គ្រូពេទ្យជំនាញ។

ម៉្យាងវិញទៀតក៏បានលើកឡើងអំពីសាលិខិតសំខាន់ៗមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ដែលបានផ្តល់សារមួយចំនួនដល៉បងប្អូនដូចតទៅ៖ សូមស្រ្តីមានផ្ទៃពោះទាំងអស់៖ ទៅពិនិត្យសុខភាព ឱ្យបានទៀងទាក់មុនពេលសម្រាល ទៅទទួលថ្នាំបង្ការជំងឺផ្សេងៗ ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្តាយទៅកូន។ ក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន ត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ និងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហាររូបឋមគ្រប់មុខ គ្រប់ជីវជាតិ រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។ សូមស្រ្តីដែលស្ថិតនៅក្នុងវ័យបន្តពូជ  និងមានបញ្ហាសុខភាព សូមអញ្ជើញទៅពិគ្រោះយោបល់ទទួលការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់។ សូមបុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។

អំណោយដែលសាខាបាននាំមកនៅថ្ងៃក្នុងមួយគ្រួសារៗទទួលបាន÷ មី១កេសតូច, ត្រីខ១យួរ, ទឹកដោះគោឆៅ១ឡូតិ៍, ទឹកដោះគោខាប់២កំប៉ុង , ទឹកសណ្តែក១យួរ, នំប្រៃ១ថង់, ក្រមាពោះគោ១, សាប៊ូកក់សក់១ដប, ម្សៅលាបខ្លួន១ដប, ខោអាវ១ឈុត.អាវយឺតកមូល៥ និង ថវិកាមួយចំនួនផងដែរ៕ដោយ៖ឃិន គន្ធា