បន្ទាយមានជ័យ៖មន្ត្រីយោធា២រូបបានស្លាប់ភ្លាមនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍ ពេលដែលរថយន្តតូយ៉ូតាព្រុសបើកក្នុងល្បឿនលឿន និងជែងក្នុងស្ថានភាពគ្រោះថ្នាក់ បានផ្ទុះកង់រេចង្កូតទៅប៉ះរថយន្តធំនឹងបុកម៉ូតូ២គ្រឿងបន្តទៀត ក្រោយពីមន្ត្រីយោយធាស្លាប់ដល់ទៅ២នាក់នោះមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានឲ្យសមត្ថកិច្ចអ្នកអនុវត្តច្បាប់នាំជនបង្កទៅទទួលខុសត្រូវនូវចំពោះមុខច្បាប់។ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមន្ត្រីយោធាស្លាប់ដល់ទៅ២នាក់នោះ កើតឡើងនៅល្ងាច ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣ ក្នុងទីប្រជុំជន លើកំនាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចខាងកើតស្ថានីយ៏ជញ្ជីងថ្លឹងរថយន្តកូនដំរី ភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វរសេនីយ៍ គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តព្រុស ពណ៏ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-5701អ្នកបើក មានឈ្មោះអ៊ូ តារាវេហាស៍ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ៤សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។មុនពេលកើតហេតុនោះរថយន្តព្រុសបើកពីកើតទៅលិចក្នុងល្បឿនលឿនលុះបើកមកដល់កន្លែងកើតហេតុក៏ឡើងវ៉ាជែងម៉ូតូនិងឡានដឹកអង្ករ ពីមុខដោយល្បឿនលឿនស្រាប់តែរថយន្តព្រុសនោះបែកកង់ក្រោយខាងឆ្វេង បណ្តាលឲ្យ រេចង្កូតដោយទៅបុកពីក្រោយរថយន្តដឹកអង្ករម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចង្កូតឆ្វេង ពាក់ផ្លាកលេខ3A-3833បាត់ដំបង ហើយរថយន្តព្រុសវិលគូថបន្តទៅបុកប៉ះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៏ខ្មៅ ពាក់ផ្លាកលេខខ-ម 1-3600 បើកក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើត អ្នកបើកម៉ូតូ មាន ឈ្មោះឡេ លីឡា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបបយោធា រស់នៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរួមដំណើរមានឈ្មោះគី វីនដា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបបយោធា រស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយបន្តទៅបុកម៉ូតូហុងដាសេ125ពាក់ស្លាកលេខលេខ1U-6606បន្ទាយមានជ័យ១គ្រឿងទៀតម៉ាកវ៉េវរបស់សិស្សនៅវិទ្យាល័យនិមិត្ត បានរងរបួសស្រាលផងដែរ ចំណែកយោធា២នាក់បានស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។
លោកវរសេនីយ៍គី មករា បានបន្តថា មូលហេតុនៃគ្រោះថ្នាក់នេះ បង្កមកពីរថយន្តតូយ៉ូតាព្រុសវាជែង ក្នុងស្ថានភាពគ្រោះថ្នាក់និងរថយន្តខ្វះលក្ខណះបច្ចេកទេស(បែកកង់) ថែមទៀត ចំណែកអ្នកបើកម៉ូតូ មិនពាក់មួកការពារសុវត្ថិភាព ក្រោយពីកើតហេតុហើយ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តព្រុសដើម្បីអនុវត្តន៍តាមនិតីវិធីច្បាប់ ។
ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ មេបញ្ជាការនៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យបានចូលរួមមរណ:ទុក្ខ ហើយសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមន្ត្រីយោធា២រូប ហើយស្នើឲ្យសមត្ថកិច្ចអ្នកអនុវត្តច្បាប់នាំជនបង្កទៅទទួលខុសត្រូវចំពោះមុខច្បាប់លើបទបង្កគ្រោះថ្នាក់នេះឲ្យបានធ្ងន់ដើម្បីផ្តល់យុត្តិធម៌ដលើជនរងគ្រោះ ៕ដោយ៖ឃិន គន្ធា