​ចាស់ជរា គ្មានទីពឹង បន្តទទួលបានមូលនិធិគាំទ្រ​សុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង ​របស់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន​

0

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី០៥ ខែ មិនា ឆ្នាំ២០២៣ ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិននិង​ឯក​ឧត្តម ហុក សុផល អភិបាល​រងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន និងជាប្រធានមូលនិធិគាំទ្រសុខភាព​និងសង្គ្រោះបន្ទាន់​ បានដឹកនាំយុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និង​ ក្រុមការងារមូលនីធិ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតាចាស់ជរា​គ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ ឧបត្ថម្ភប្រចាំខែ ពីមូលនិធិគាំទ្រសុខភាព របស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នៅតាមគោលដៅទាំង៣ផ្សេងៗ​គ្នា ក្នុងខេត្តប៉ៃលិន។

ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តម និងលោកជំទាវ តែងតែគិតគូរ ពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

ឯកឧត្តម មានប្រសាសន៍បន្តថា៖ មូលនិធិនេះបានបង្កើតឡើងក្នុងគោល បំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញ ទៅប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើក កម្ពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់ បក្ខពួក និងនិន្នាការនយោ បាយឡើយ ព្រោះមនុស្ស ចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឱ្យប្រព្រឹត្តតែអំពើល្អ។

ជាមួយគ្នានេះឯកឧត្តម សៅ សារ៉ាត់ ក៏ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ និងការពារការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវរួមគ្នាអនុវត្ត ឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ។ឯកឧត្តម ក៍បាន​បញ្ជាក់​ផងដែរថា៖ថ្មីៗនៅ នៅប្រទេសកម្ពុជាយើង ក៍មានកើតករណីជំងឺគ្រុនផ្តាសាយបក្សីH5N1 ដែលជាជំងឺឆ្លង បណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ នៅខេត្តព្រៃវែង ដូច្នេះសូមលោកតា លោកយាយ ព្រមទាំងបងប្អូន មេត្តាចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា ប្រសិនមានការសង្ស័យ ដូចជា គ្រុនក្ដៅ ក្អក ឬ​ហត់ សូមទៅពិគ្រោះជំងឺ និងធ្វើតេស្ត ឬទៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះបំផុត ដើម្បីពិនិត្យ​តាម​ដាន​ផងដែរ។

សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោក យាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយលោកតានៅទីស្នាក់ការសាខាកាកបាទក្រ ហមខេត្តប៉ៃលិន, ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹង ត្រង់ ដោយមូលនិធិបានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន៤៩ ក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូ មី១កេស អាវរងា១ ជែលលាងដៃ១ដប និងថវិកា១០០.០០០រៀល(មួយសែនរៀលគត់)៕

​អត្ថបទ ភ្នំខៀវ ប៉ៃលិន