សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តរតនគិរី ចុះបង្ក្រាប និងរឹបអូសឈើនៅក្នុងដីក្រុមហ៊ុន ហង អាញ់ យកមករក្សាទុកជាសម្បត្តិរដ្ឋ

0

ខេត្តរតនគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកអណ្តូងមាស ក្រោមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងក្រោមការសម្របសម្រួល នៅក្នុងការចុះបង្ក្រាប និងរឹបអូសឈើ យកចេញពីក្នុងផ្ទៃដីក្រុមហ៊ុនចំការកៅស៊ូ ហង អាញ់ ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក កែវ ភក្តី ក្រោមប្រតិបត្តការដែលបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិម៉ុយស្រែ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាប និងរឹបអូសឈើនោះ កម្លាំងសមត្ថកិច្ច បានធ្វើការរឹបអូសយកឈើ ដែលម្ចាស់ឈើទាំងនោះ ត្រូវគេស្គាល់ ឈ្មោះ ធាង និងឈ្មោះ គ្រី ជនសង្ស័យឈ្មួញឈើទាំងពីរនាក់នោះ បានបំផុតប្រជាពលរដ្ឋឲ្យចូលទៅកាប់ឈើនៅក្នុងដែនព្រៃការពារ ក្រោមការគ្រប់គ្រងដោយឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ស្ថិតត្រង់ចំណុចអូរដំបូក យកមកលក់ឲ្យពួកគេ ហើយធ្វើការដឹកជញ្ជូនយកមកស្តុកលាក់ទុក នៅក្នុងដីក្រុមហ៊ុនចំការកៅស៊ូ ហង អាញ់ រង់ចាំឱកាសល្អ ដើម្បីដឹកបន្តយកទៅលក់យ៉ាងអនាធិបតេយ្យ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ឈើដែលរងការបង្ក្រាប និងរឹបអូសបានពីក្នុងដីក្រុមហ៊ុន ហង អាញ់ នាពេលនោះ ជាប្រភេទឈើគ្រឿងផ្ទះ មានមុខកាត់ ៥×១៥ សង់ទីម៉ែត្រ មានប្រវែង ៨ ម៉ែត្រ និងមានចំនួន ៤៤ កំណាត់ ។ ក្រោយការបង្ក្រាប កម្លាំងសមត្ថកិច្ច បានធ្វើការរឹបអូស និងដឹកជញ្ជូនយកទៅរក្សាទុក នៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអណ្តូង មាស ខេត្តរតនគិរី៕ដោយ៖ឡុង សំបូរ