VIDEO មាន​ពលរដ្ឋ​អាមេរិក​ម្នាក់ទៀត​ឆ្លង​វីរុស​អ៊ី​បូ​ឡា​ ​អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​អាមេរិក

0

CDC បានបញ្ជាក់ កាលពី​ថ្ងៃទី​៣០ កញ្ញា ថា អ្នក​ឆ្លង​វីរុស​អេ​បូ​ឡា​ម្នាក់​ត្រូវបាន​រកឃើញ​នៅ​សហរដ្ឋអាមេរិក ។ អ្នកជំងឺ​រូបនោះ​ជា​បុរស​ម្នាក់ ដែល​បាន​ទៅកាន់​ប្រទេស​លី​បេ​រី​យ៉ា ហើយ​បន្ទាប់មក​វិល​មកកាន់​រដ្ឋ​តិច​សាស់ជា​កន្លែង​រូបគេ​ចូល​មន្ទីរពេទ្យ មួយ​នៅ​ក្រុង​ដាល់​ឡាស់ ។ CDC ត្រូវ​ផ្តល់​ការបញ្ជាក់​ថែមទៀត​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ។ ចំណែក​មន្ទីរពេទ្យ​ពុំបាន​ប្រាប់​ឈ្មោះ​អ្នកជំងឺ​ឬ​អាយុ​របស់គេ​ឡើយ ។​
​កាលពី​ថ្ងៃទី​២៨ កញ្ញា កន្លងមកនេះ គ្រូពេទ្យ​អាមេរិក​ម្នាក់​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​វីរុស​អេ​បូ​ឡា​នៅ ប្រ​ទេ​សេ​រ៉ា​ឡេ​អូន ត្រូវបានធ្វើ​មាតុភូមិនិវត្តន៍ ហើយ​ដាក់​នៅ​ដាច់​ពី​គេ​ដើម្បី​ទទួល​ការពិនិត្យ​ព្យាបាល​ក្នុង​គ្លីនិក​មួយ នៃ​វិទ្យាស្ថាន​សុខភាព​អាមេរិក NIH ស្ថិតនៅ​ជិត​ក្រុង​វ៉ា​ស៊ីន តោន ។ អ្នកជំងឺ​រូបនោះ ដែល​មិន​ប្រាប់​ឈ្មោះ​ធ្វើការ​ជា​អ្នកស្ម័គ្រចិត្ត​នៅឯ​មជ្ឈមណ្ឌល​ព្យាបាល ជំងឺ​អេ​បូ​ឡា​មួយ​នៅ​ប្រទេស​សេ​រ៉ា​ឡេ​អូន ។​
​មុន​អ្នកជំងឺ​ទាំង​២​នេះ គ្រូពេទ្យ​អាមេរិក​២​នាក់ និង​អ្នកស្ម័គ្រចិត្ត​ជួយ​ព្យាបាល​ជំងឺ​នេះ​ម្នាក់​ត្រូវបាន​វិលត្រឡប់ មកកាន់​សហរដ្ឋអាមេរិក ក្រោយពី​ពួកគេ​ឆ្លង​វីរុស​អេ​បូ​ឡា​នៅ​ប្រទេស​លី​បេ​រី​យ៉ា រួច​ពួកគេ​ត្រូវបាន​ប្រកាសថា បានជា​សះស្បើយ​វិញ​ហើយ នាពេល​ថ្មីៗ​នេះ ។​ដើម្បី​ជួយ​ទប់ទល់​ជំងឺ​អេ​បូ​ឡា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​កាលពី​ថ្ងៃទី​៣០ កញ្ញា ពី​ការ​បញ្ជូនទាហាន​អាមេរិក​១.៤០០​នាក់​ទៅកាន់​ប្រទេស​លី​បេ​រី​យ៉ា ។​
​តាម​របាយ​ការ​ចុងក្រោយ​របស់​អង្គការ​សុខភាព ពិភពលោក WHO ចេញផ្សាយ​កាលពី​ចុងខែ​កញ្ញា​ថា វីរុស​អេ​បូ​ឡា​បានសម្លាប់​មនុស្ស​ដល់​លើសពី​៣.០០០​នាក់​ហើយ គឺ​ជិត​ពាក់កណ្តាល​នៃ​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន​ប្រមាណ​ជា​៦.៥០០​នាក់ ។​
​យោងតាម​តុល្យការ​នេះ​គិត​ត្រឹម​ថ្ងៃទី​២៣ កញ្ញា​មក សរុប​មនុស្ស​ជាង​៣.០៩៣​នាក់​ស្លាប់​ក្នុងចំណោម​អ្នកជំងឺ​អេ​បូ​ឡា​៦.៥៧៤​នាក់ ដែល​ជំរឿន​ឃើញ​ក្នុងប្រទេស​អាហ្វ្រិក​ខាងលិច​៥​។ តុល្យ​ការលើក​មុន​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​២១ កញ្ញា រៀបរាប់​ពី​មនុស្ស​ស្លាប់​២.៩១៧​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​អេ​បូ​ឡា ៦.២៦៣​នាក់ ។ ជំងឺ​នេះ​មាន​អត្រា​អ្នកស្លាប់​ប្រមាណ​ជា​៧០%