សត្វផ្សោតមួយក្បាលមានទម្ងន់ ១៦០គីឡូក្រាម បានស្លាប់ដោយសារការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ នៅខេត្តស្ទឹងត្រែង !

0

ខេត្តស្ទឹងត្រែង៖ ក្រុមមន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងអង្គការ WWF ​បានរកឃើញពីការស្លាប់របស់ សត្វផ្សោតមួយក្បាល ដែលមានទម្ងន់ប្រមាណ ១៦០គីឡូក្រាម ដងខ្លួនមានប្រវែងជាង ២ម៉ែត្រ ដែលការស្លាប់នេះ ត្រូវក្រុមមន្ត្រីជំនាញវាយតម្លៃថា បណ្តាលមកពីការជាប់មងរបស់អ្នកនេសាទ។

សត្វផ្សោតមួយក្បាលដែលរងការស្លាប់ ក្រោយការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ ពីក្រុមជនខិលខូច នៃអ្នកនេសាទនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹកទន្លេមេគង្គ នៅម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣  នៅតំបន់អភិរក្សអន្លុងផ្សោត កោះកាំងកូនសត្វ  ស្ថិតក្នុង ឃុំកោះព្រះ ស្រុកសៀមបូក  ខេត្តស្ទឹងត្រែង។

មន្ត្រីឆ្មាំទន្លេ នៃអន្លង់ផ្សោតត្បូងខ្លា បានបញ្ជាក់ថា មន្ត្រីជំនាញមិនទាន់កំណត់បានថា តើសត្វផ្សោតឈ្មោល ដែលស្លាប់នេះ   វារស់នៅក្នុងអន្លង់ផ្សោតណាមួយពិតប្រាកដនោះទេ ចំណែក ផ្នែករដ្ឋបាលជលផល បានទាក់ទងទៅអង្គការ WWF  ដើម្បីឲ្យមន្ត្រីជំនាញចុះមកធ្វើការស្រាវជ្រាវ  និងមកធ្វើកោសល្យវិច្ច័យ ហើយនាំយកសាកសពសត្វផ្សោតនេះ ទៅរក្សាទុក។

នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី សំវិចិត្រ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សត្វផ្សោត គឺជាធនធានដ៏កម្រ ហើយត្រូវបាន រាជរដ្ឋាភិបាល ចេញអនុក្រឹត្យលេខ៤៧ អន ក្រ ប ក ចុះថ្ងៃទី២៧កុម្ភះឆ្នាំ២០២៣ ឲ្យធ្វើការអភិរក្ស ហើយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ក៏បានផ្សព្វផ្សាយអនុក្រឹត្យនេះ ទៅដល់ប្រជាអ្នកនេសាទ បានយ៉ាងទូលំទូលាយរួចមកហើយដែរ នៅរយៈកាលកន្លងទៅថ្មីៗនេះ។

លោកនាយខណ្ឌបានបន្តថា ក្រោយពីការផ្សព្វផ្សាយ មិនទាន់បានមួយខែផង  ស្រាបតែនៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២៣ ផ្សោតឈ្មោលមួយក្បាល បានស្លាប់នៅទន្លេមេគង្គលើ នៅក្នុងភូមិសាស្ត្រទឹកដី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយសារតែមានអ្នកនេសាទ លួចចូលទៅដាក់មង នៅក្នុងតំបន់ស្នូល និងតំបន់ហាមឃាត់។

ក្រោយការពិនិត្យ និងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផលខេត្ត និងអង្គការ WWF សត្វផ្សោតស្លាប់នេះ មានលេខសម្គាល់០៥៦ ទម្ងន់១៦០គីឡូក្រាម ប្រវែង២,៣៨ម៉ែត្រ មានអាយុប្រមាណ២០ឆ្នាំ គឺជាផ្សោតឈ្មោល ដែលស្លាប់ដោយឧបករណ៍នេសាទមង ដោយមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង គឺជាសត្វផ្សោតទី១ ដែលបានស្លាប់ នៅក្នុងឆ្នាំ២០២៣ នេះ។

ចំពោះ ការស្លាប់របស់សត្វផ្សោតឈ្មោលមួយក្បាលនេះ ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវធ្វើការរឹតបន្តឹងច្បាប់ជលផលឲ្យបានខ្លាំងក្លា   និងចុះធ្វើសកម្មភាពល្បាតឲ្យបានញឹកញាប់ តាមអន្លង់អភិរក្ស និងមិនត្រូវអត់ឱន ចំពោះជនណាម្នាក់ ដែលបានយកមង ឬសន្ទូច ក៏ដូចឧបករណ៍នេសាទល្មើសច្បាប់នានាទៀត ទៅដាក់នៅក្នុងតំបន់ហាមឃាត់នោះទៀតឡើយ ព្រោះច្បាប់ជលផល  និងអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល ស្តីពីការអភិរក្សសត្វផ្សោត អាជ្ញាធរបានផ្សព្វផ្សាយយ៉ាងទូលាយរួចមកហើយ។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានអន្លង់អភិរក្សសត្វផ្សោតចំនួន៣ គឺទី១ អន្លង់កោះសន្ទក់ ,ទី២ អន្លង់កោះកាំងកូនសត្វ និងទី៣ អន្លង់ត្បូងខ្លា  ដែលកំពុងអភិរក្ស និងការពារសត្វផ្សោត ដែលនៅសេសសល់ មិនដល់ ៣០ក្បាលផងនោះ  ហើយបច្ចុប្បន្ន បានរងការស្លាប់ជាបន្តបន្ទាប់ និងមួយអន្លង់ទៀត គឺ អន្លង់ត្រីមេពូជ (អន្លង់ឈើទាល) ដែលជាអន្លង់ទឹកជ្រៅ និងបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្សធនធានជលផល និងជីវចម្រុះ៕ ដោយ៖ឡុង សំបូរ