កំពង់ឆ្នាំង៖មានរឿងមិនគួរកើតមួយកើតឡើង គឺទណ្ឌិតម្នាក់បានអារផ្តាច់ដែកចម្រឹងបង្អួច២ដើមក្នុងបន្ទប់ឃុំឃាំងពេលយប់ ហើយលួចហក់ឡើងរបងពន្ធនាគាខេត្តរត់ចេញបាត់ដោយសុវត្តិភាព។ គេយល់ថាការអារចម្រឹងដែកថ្នាំដអំពៅធំៗបែបនេះមិនមែនគេអារតែមួយយប់នោះដាច់នោះទេ ។ ករណីនេះបានកើតឡើងវេលាម៉ោង០២រំលងអាធ្រាតយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងពន្ធនាគារខេត្ត កណ្តាលទីក្រុងកំពង់ឆ្នាំង ។
លោក ពៅ វុទ្ធី ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ទណ្ឌិតរូបនោះឈ្មោះ អៀ តាល់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួននៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១១ ពីបទលួចមានអំពើហឹង្សា និងត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងជុំនំជំរះផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំ មកដល់ពេលនេះបានទទួលទោសចំនួន២ឆ្នាំ៦ខែហើយ នៅសល់តែ២ឆ្នាំ៦ខែទៀត។
លោកប្រធានពន្ធនាគារខេត្តបានបញ្ជាក់អោយដឹងបន្ថែមទៀតថា៖នៅមុនពេលកើតហេតុអំឡុងម៉ោង២រំលងអាធ្រាត ពេលដែលមានការប្តូរវេនយាម ក្នុងនោះមន្ត្រីដែលបានផ្លាស់ប្តូរវេនយាមមាន៖ ១.លោក យន និមល ២.លោក ឡេក សុខចន្ធី ៣.លោក មួន ចម្រើន បានដាស់ក្រុមមួយផ្សេងទៀតដែលមាន៖ ១.ឈ្មោះ ឆៃ ប៊ុនណូ ២.លោក ហូ ភារម្យ ៣.លោក ម៉ៅ ស៊ីណា ៤. ភុល កុសល បន្តវេនយាមពីម៉ោង២រហូតដល់ម៉ោង៣។
ក្រោយពីបានប្តូរវេនយាមគ្នារួចមក ក្រុមទី២បានចេញដើរល្បាតក៍ស្រាប់តែបានប្រទះទណ្ឌិតឈ្មោះ អៀ តាល់ កំពុងឡើងលើរបងពន្ធនាគារភ្លាមនោះក៍បានស្រែកឆោរឡោឡើងហើយនាំគ្នាដេញចាប់ តែពេលនោះទណ្ឌិតខាងលើបានហក់ចេញផុតពីរបងពន្ធនាគារខេត្តទៅក្រៅទៅហើយ ដោយស្ថានភាពយប់ងងឹតពេកធ្វើអោយទណ្ឌិតរូបនោះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានពិនិត្យឃើញក្នុងបន្ទប់ឃុំឃាំងលេខB1 ដែលជាបន្ទប់ឃុំឃាំងទណ្ឌិតរូបនោះ ឃើញដាច់ចម្រឹងដែកថ្នាំងអំពៅបង្អួច២ដើម និងបានរកឃើញវត្ថុតាងសម្រាប់ធ្វើសម្មភាពរួមមាន៖ ក្រមាចំនួន៧ តភ្ជាប់គ្នាជាមួយគល់ឬស្សីប្រវែង២ម៉ែត្រ ដែលមានរាងដូចស្នែងសម្រាប់សែងសំរាមចោល បានចងដែកដៃធុងស្ពេត្រូប្រវែងកន្លះម៉ែត្រធ្វើជាទំពួក។
នៅយប់កើតហេតុ និងព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ លោកបានបញ្ជារកំលាំងមន្ត្រីពន្ធនាគារខេត្តសហការជាមួយសមត្ថកិច្ចនគរបាលក្រុង និងខេត្ត តាមរុករកស្កាត់គ្រប់ផ្លូវក្នុងក្រុងកំពង់ឆ្នាំងប៉ុន្តែរកមិនឃើញ។បន្ទាប់មកបានសហការជាមួយសមត្ថកិច្ចនគបាលខេត្តពោធិសាត់ តាមរកដល់ផ្ទះទណ្ឌិតខាងលើនេះផងដែរតែរកមិនឃើញ។
លោកប្រធានពន្ធនាគារខេត្តបានបញ្ជាក់ផងដែរថា៖នៅយប់កើតហេតុគឺជាវេនប្រចាំការដឹកនាំដោយលោក ឈុន ផល្លី ជាអនុប្រធានពន្ធនាគារខេត្ត មកដល់ពេលនេះការតាមរកចាប់ខ្លួនទណ្ឌិតរូបនេះបាននិងកំពង់ធ្វើការស្រាវជ្រាវគ្រប់ទីកន្លែងជាបន្តទៀត។លោកសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន បើបានឃើញទណ្ឌិតដែលមានភិនភាគដូចរូបថតខាងលើនេះសូមរាយការណ៍មកសមត្ថកិច្ចគ្រប់ទីកន្លែងបន្ទាន់ ដើម្បីចាប់ខ្លួនរូបគេមកដាក់ក្នុងពន្ធនាគារខេត្តវិញ៕