ខេត្តពោធិសាត់ ៖ រឿងអាស្រូវពុករលួយថ្មីមួយទើបនឹងផ្ទុះចេញពីមន្ទីរបរិស្ថានខេត្តពោធិសាត់ ដែលមានលោកថៃ ចន្ថា ជាប្រធានមន្ទីរ ហើយអំពើពុករលួយនេះគឺបាន
កើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែរឿងអាស្រូវនេះមិនសូវបែកធ្លាយចេញមកខាងក្រៅទេ ទើបធ្វើឲ្យប្រធានមន្ទីរមួយនេះនៅតែមានឪកាសប្រព្រឹត្តពើពុករលួយបន្ត ដោយមិនខ្លាចអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
តាមមន្ត្រីបានឲ្យដឹងថានៅក្នុងមួយឆ្នាំៗមន្ទីរបរិស្ថានខេត្តពោធិសាត់បានបាត់បង់ថវិកាជាតិ ដោយសារអំពើពុករលួយមិនតិចជាង២០០លានរៀលទេ ហើយក្នុងនោះជាង១០០លានរៀលយ៉ាងតិចបានធ្លាក់ចូលកណ្តាប់លោកប្រធានមន្ទីរថៃ ចន្ថា ហើយមួយផ្នែកទៀតបានធ្លាក់ចូលដៃមន្ត្រីជំនិតរបស់គាត។
តាមប្រភពដដែលបានឲ្យដឹងថា ថវិកាដែលគេបានឃុបឃិតគ្នាកឹបកេងនោះគឺមាននៅគ្រប់ជំពូកសូម្បីតែនៅជំពូក៦៤ ក៍លោកថៃ ចន្ថា និងបក្ខពួកកឹបកេងដែរ ដូចជាប្រាក់មន្ត្រីមានជម្ងឺ និងប្រាក់មន្ត្រីជាប់កិច្ចសន្យាជាដើម។ ហើយសម្រាប់ឆ្នាំ២០១៣កន្លងទៅលោកថៃ ចន្ថា និងបក្ខពួកបានធ្វើការប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ក្នុងនោះទូទាត់កឹបកេងលើការចំណាយផ្គត់ផ្គង់សម្ភារៈរដ្ឋបាល របបប្រេងឥន្ធនៈ ការជួសជុល និងថែទាំអាគារការថែទាំដី ការថែទាំបណ្តាញផ្សេងៗ ការចំណាយសោហ៊ុយទូទាត់ក្នុងប្រទេសរួមនឹងការចំណាយផ្សេងៗជាច្រើនទៀត។
សម្រាប់ឆ្នាំ២០១៤ មន្ទីរមួយនេះក៍កើតមានរឿងអាស្រូវតាមគំរូឆ្នាំ២០១៣។ ហើយក្នុងឆ្នាំ២០១៤នេះគម្រោងចំណាយថវិកាជាតិរបស់មន្ទីរបរិស្ថានមានរហូតដល់ ៨២៩លានរៀល លើសពីឆ្នាំ២០១៣ដែលថវិកាសម្រាប់ចំណាយមានតែត្រឹមជាង៦០០លានរៀលប៉ុណ្ណោះ។ សម្រាប់ថវិកាដែលពួកគេកឹបកេងបានច្រើនបំផុតនៅឆ្នាំ២០១៣ គឺថវិកាសម្រាប់ថែទាំ និងជួសជុល ដែលមានទឹកប្រាក់តម្លៃជា២០០លានរៀល។
ថវិកាទាំងនេះគឺគេចំណាយជាក់ស្តែងយ៉ាងច្រើនត្រឹម៣០% នៃថវិកាសរុប ហើយថវិកាដែលនៅសល់ត្រូវបានលោកថៃ ចន្ថា បានធ្វើការបែងចែកឲ្យបក្ខពួករបស់ខ្លួនអស់ប្រមាន២០- ៣០% ចំណែកថវិកាដែលនៅសល់លោកថៃ ចន្ថា ប្រមូលទៅអស់ ព្រោះគេពុំបានឃើញថាមន្ទីរបរិស្ថានធ្វើអ្វីជាដុំកំភួនទេ ដោយគ្រាន់តែឃើញគេលាភថ្នាំអាគារឲ្យថ្មីតែប៉ុណ្ណោះ។
ហើយនៅឆ្នាំ២០១៤នេះមន្ទីបរិស្ថានក៍បានរៀបចំគម្រោង សម្រាប់ការថែទាំ និងជួសជុលអាគារដដែល ដែលមានទឹកប្រាក់ ២៤៩លានរៀល បន្តទៀត ហើយមកដល់ពេលនេះការចំណាយពិតប្រាកដមិនត្រូវបានគេដឹងទេ ព្រោះមិនទាន់ដាច់ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណាក៍គេបានឃើញថាអំពើពុករលួយនៅតែបន្តកើតមានមិនខុសពីឆ្នាំមុននោះទេ។
តាមប្រភពដដែលបានបញ្ជាក់បន្ថែមថា ក្រៅពីប្រាក់ខាងលើនេះគឺនៅមានប្រាក់សោហ៊ុយទូទាត់ក្នុងប្រទេស មួយទៀតដែលលោកប្រធាន និងបក្ខពួកស៊ីយ៉ាងឆ្ងាញ់មាត់ ដោយនៅឆ្នាំ២០១៣មន្ត្រីម្នាក់ៗនៅក្នុងមន្ទីរមួយនេះទទួលបានប្រាក់បេសសកម្មនេះចំនួនត្រឹម ១០-២០ម៉ឺនរៀល សម្រាប់ការចំណាយពេញមួយឆ្នាំគឺអស់ថវិកាជិត២០លានរៀល។ បើនិយាយអំពីរឿងអាស្រូវនៅក្នុងមន្ទីរបរិស្ថានខេត្តពោធិសាត់ចាប់តាំងពីលោកថៃ ចន្ថា ឡើងធ្វើជាប្រធានមន្ទីរនោះគឺមានរឿងអាស្រូវពុករលួយដ៍ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែដោយអស់ពេលសូមចាំតាមដានព័ត៌មានលម្អិតនៅពេលក្រោយ៕