កំពង់ចាម : ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន ផ្តាំផ្ញេី ដល់ សិស្ស នគរបាល ទាំងអស់ ត្រូវ គោរព ក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ និង មានអត្តចរិកល្អ ដើម្បីក្លាយជាមន្ត្រីនគរបាលគំរូ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បន្ទាប់ ពី បញ្ចប់ការសិក្សា ហើយ ចេញទៅបំពេញភារកិច្ចនៅតាម
អង្គភាពសាមីវិញ ។ តំណាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណេះសំណាល សួរសុខទុក្ខ សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ (ខេត្តកំពង់ចាម) នាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ ។
ក្នុង ឱកាស នោះ ដែរ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភា និងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើ ការងារសំខាន់ៗ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារ:សិក្សា ការពង្រឹងវិន័យ និងការកសាង វប្បធម៌គុណភាព សំដៅលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ឱ្យឆ្លើយតបទៅនឹងតម្រូវការអង្គភាពសាមី ព្រមទាំងស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្ដម រដ្ឋលេខាធិកា ក្រសួង មហាផ្ទៃ បានផ្ដាំផ្ញើដល់បណ្ឌិត្យសភា ត្រូវបន្ត អនុវត្តភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និងប្រកាន់ខ្ជាប់«វប្បធម៌គុណ» រីឯ សិស្សនគរបាល គ្រប់រូប ត្រូវ បន្តយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ហើយ ត្រូវ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និង ប្រកាន់ខ្ជាប់នូវទស្សនៈ«រៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ» ។
គួរបញ្ជាក់ថា នៅមុនពេល ជួបសំណេះសំណាល ជាមួយ សិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ចំនួន១៨៧នាក់ ដែល មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង គណៈប្រតិភូ បាន អញ្ជើញ ត្រួតពិនិត្យ វឌ្ឍនភាព នៃ ការស្ថាបនា និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះមានផ្លូវបេតុង ប្រព័ន្ធលូ អគារស្នាក់នៅ ដែលជាអំណោយរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ផងដែរ ៕





































