កំពង់ធំ÷ ឯកឧត្តម យឹម លាត អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវីធីសំណេះសំណាល ជាមួយមន្ត្រីរាជការក្នុងខេត្តកំពង់ធំ ដែល ជានិស្សិតអាហារូបករណ៍ទទួលបានការឧត្ថម្ភដោយ ធនាគារឯកទេស ខេ ដេហាន ម.ក និងក្រុមហ៊ុន KB Kookmin card តាមរយៈអ្នកតំណាងរាស្ត្រផ្ទាល់ ដែលបានការសិក្សា និងបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅCUS កំពង់ធំកាលពីថ្មីៗនេះ។
ជាមួយគ្នានេះ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ធំ មានជំនឿជាក់ថា ក្រោយពីបញ្ចប់ការសិក្សានេះទៅ នឹងមានការប្រែប្រួលទាំងចំណេះជំនាញ ឥរិយាបថរបស់និស្សិតជ័យលាភី ក្នុងការយកមកអនុវត្តទៅតាមវីជ្ជាជីវៈរបស់ខ្លួននិងជួយបង្កើនប្រសិទ្ធភាពការងារ ជាពិសេសជួយលើកកម្ពស់អង្គភាព និងស្ថាប័ន្នរបស់ខ្លួនថែមទៀតផង។
ជាមួយគ្នានេះ ឯកឧត្តម យឹម លាត អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ធំ ក៏បានថ្លែងអំណរគុណក្រៃលែងដល់ធនាគារ ខេ ប៊ី ដេ ហាន ម•ក និងក្រុមហ៊ុន KB kookmin card ដែលបានសហការឧបតម្ភផ្តល់អាហារូបករណ៍ ដល់និស្សិតជាមន្ត្រីរាជការសម្រាប់ស្រុកស្ទោង ដែលជាជំនួយដ៏ធំជាងគេ ក្នុងចំណោមជំនួយផ្សេងៗដែលធនាគារបានសហការអភិវឌ្ឍខេត្តកំពងធំ និងបានថ្លែងអំណរគុណដល់ ក្រុមហ៊ុនហុងដា ង៉ូវ វង្សឆាយ ស្រុកស្ទោង ដែលបានសហការឧបត្ថម្ភនូវការជួយប្តូរប្រេងម៉ាស៊ីន រៀងរាល់ពីរខែម្តង និងប្តូរសំបកម៉ូតូក្នុងមួយឆ្នាំម្តងសម្រាបម៉ូតូដល់និស្សិតគ្រប់គ្នាក្នុងកំឡុងពេលសិក្សា។
ក្នុងឱកាសនេះដែរលោកគ្រូ ហំ សឺងហ៊ាក តំណាងនិស្សិតអាហារូបករណ៍ទាំងអស់គ្នាបានគោរពថ្លែងអំណរគុណជាអនេកដល់ ដល់ឯកឧត្តម យឹម លាត និងនាយកធនាគារ ខេ ប៊ី ដា ហាន ម•ក ដែលបានសហាការឧបត្ថម្ភអាហារូបករណ៍ ដល់និស្សិតជាមន្ត្រីរាជការក្នុងស្រុកស្ទោង រហូតបានបញ្ចប់និងទទួលបានបទពិសោធន៍និងចំណេះ ជំនាញថ្មីៗ តាមបរិបទយុគសម័យឌីជីថល និងបដិវត្តន៍វិទ្យាសាស្ត្រ៤.០ ។
គួរបញ្ជាក់ផងដែរថា និស្សិតជ័យលាភីជំនាន់ទីមួយនេះសរុបរួម៦នាក់ ស្រី២៦នាក់ ថ្នាក់បរិញ្ញាបត្រ២២នាក់ ស្រី១០ នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤៦នាក់ ស្រី១៦នាក់ ៕





































