រាជធានីភ្នំពេញ៖ ប្រសាសន៍ដាស់តឿនរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ឯកឧត្តម ស សុខា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក និងបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា ភ្នំពេញ រាជធានីភ្នំពេញ។
អង្គសន្និបាទដែលបានធ្វើឡើងក្រោមប្រធានបទ “រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល” នាពេលនោះ ក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាភិបាល សមាគម (IPA) ឯកឧត្តម បណ្ឌិត អ៊ូ វណ្ណា ,ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ថ្នាក់ដឹកនាំសមាគមថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំនួន ១០រាជធានី-ខេត្ត សរុបប្រមាណជាង ៥ពាន់អង្គ/នាក់ ផងដែរ។
ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោកបណ្ឌិត ទូច វណ្ណៈ បានថ្លែងថា តាមរយៈនៃការខិតខំប្រឹងប្រែង លះបង់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាទូ ទាំងប្រទេស ក្នុងរយៈពេលមួយឆ្នាំមកនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សម្រេចបានលទ្ធផលជាច្រើន ក្នុងនោះ មានអង្គភាពសារព័ត៌មាន ជាសមាជិក ចំនួន ៤៦ អង្គភាព មានសមាជិក សមាជិកាសរុបទូទាំងប្រទេស ចំនួន ១ពាន់ ៤៤៦ អង្គ/នាក់ មានអង្គការ សមាគមក្រៅរដ្ឋាភិបាល ជាដៃគូ ១០ស្ថាប័ន និងមានក្រុមហ៊ុន សហគ្រាស ជាដៃគូ ២២ស្ថាប័ន។
លោកបណ្ឌិត ទូច វណ្ណៈ បានបន្តថា សមាគមបានរៀបចំរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ បានចំនួន ១០រាជធានី-ខេត្ត បានបើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មានចំនួន ២វគ្គ ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលមានសិក្ខាកាមនិមន្ត និងអញ្ជើញចូលរួម ចំនួន ៩៥០ អង្គ/នាក់ និងអង្គភាពសារព័ត៌មាន ជាសមាជិកសមាគម បានផ្សព្វផ្សាយព័ត៌មានជូន រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនានា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ២ម៉ឺន ៥ពាន់ ៩០ព័ត៌មាន បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគម និងលោកជំទាវ ប្រគល់ជូនសមាជិក សមាជិកា អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ ដែលជួបការលំបាកផ្នែកជីវភាព គ្រោះថ្នាក់ចរាចរណ៍ ដែលទទួលមរណភាព ចំនួន ១៩លើក បានផ្តល់ជូនអាហារូបករណ៍លើថ្លៃសិក្សា ១០០ភាគរយ ដល់សមាជិក សមាជិកា ៧៥ កន្លែង ពីអាហាររូបរកណ៍ឯកឧត្តម ស សុខា និងដៃគូ ពិសេសពីវិទ្យាស្ថានខ្មែរជំនាន់ថ្មី របស់ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានជួយរកការងារជូនសមាជិក សមាជិកា ធ្វើតាមរយៈដៃគូក្រុមហ៊ុន សហគ្រាសដៃគូ ចំនួន ១៥នាក់ បានផ្តល់ជូនការបញ្ចុះតម្លៃពិសេស ដល់សមាជិក សមាជិកា តាមរយៈដៃគូ ចំនួន ២៧១នាក់ និងបានផលិតវីដេអូអប់រំចរាចរណ៍ គ្រឿងញៀន និងសុខភាព ចំនួន ៥ វីដេអូ ផងដែរ។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា ដែលជាប្រធានកិត្តិយស សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានថ្លែង កោតសរសើរ និងស្នើឲ្យសមាគម IPA បន្តពង្រឹង និងពង្រីកសមាជិក ឱ្យបានកាន់តែច្រើន ដើម្បីចូលរួមផ្សព្វផ្សាយសមិទ្ធផលនានា របស់ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យបានទូលំទូលាយ ដែលជាប្រយោជន៍ដល់សាធារណជនបានដឹង និងយល់ពីគុណតម្លៃរបស់សមាគម IPA ។
ឯកឧត្តម ស សុខា បានថ្លែង ដាស់តឿនដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវពង្រឹងសមត្ថភាព គុណភាពក្នុងការសរសេរ និងផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល និងត្រូវចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព្រោះត្បិតព័ត៌មានក្លែងក្លាយទាំងនេះ អាចបំផ្លាញសង្គម ប្រទេស និងពិភពលោកឲ្យវិលក្បុង ហើយក្នុងនាមយើងជាអ្នកសារព័ត៌មាន ត្រូវយល់ដឹងពីព័ត៌មាន សរសេរ និងផ្សព្វផ្សាយព័ត៌មាន ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
ឯកឧត្តម ស សុខា បានបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាញទំនាក់ទំនងសង្គមកាន់តែរីកចម្រើន ព័ត៌មានកាន់តែសំបូរ កាន់តែលឿន តែព័ត៌មានទាំងនោះ អាចពិតខ្លះ និងមិនពិតខ្លះ ដែលជាហេតុធ្វើឲ្យសង្គមកាន់តែជឿនលឿន និងកាន់តែគ្រោះថ្នាក់ អញ្ជឹងហើយមានតែយើងគ្រប់គ្នា ដែលជាអ្នកផ្តល់ព័ត៌មាន គួរតែពង្រឹងគុណធម៌ផ្ទាល់ខ្លួន ក្នុងការផ្តល់ព័ត៌មាន ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងលើកស្ទួយសង្គមជាតិរបស់យើង។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ក្រើនរំលឹក ដល់អ្នកសារព័ត៌មានថា អ្នកសារព័ត៌មានអាជីព និងមានវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយ ហើយដើម្បីអាចលុបបំបាត់ព័ត៌មានក្លែងក្លាយបាន ទាល់គ្រប់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ និងមានការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ មុននឹងមានការផ្សព្វផ្សាយជាសាធារណៈ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមានពីរ គឺ ១.ឃើញភ្លាមយកមកផ្សាយភ្លាម តែអចេតនា និង ២. ព័ត៌មានក្លែងក្លាយមានចេតនា ដែលការមានចេតនានេះហើយ នឹងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសរសើរពីការរីកចម្រើនអ្នកសារព័ត៌មានអាជីពកម្ពុជា ដែលនៅមួយរយៈចុងក្រោយនេះ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឱ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏ដូចជាសមាគមសារព័ត៌មានដទៃទៀត ដែលមានប្រមាណជាង ៥០ស្ថាប័ននៅកម្ពុជា ត្រូវបណ្តុះបណ្តាលសមាជិកជាអ្នកសារព័ត៌មាន ពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងជំរុញឲ្យមានការសរសេរតែព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ ជាពិសេសនៅមុន និងក្នុងពេលនៃការបោះឆ្នោតសកលខាងមុខនេះ។ ចំពោះការបន្សាបនូវព័ត៌មានក្លែងក្លាយនេះ ត្រូវរកប្រភពពិត ឬរកប្រភពគ្រប់ភាគីទាំងអស់ ដែលពាក់ព័ន្ធនឹងព័ត៌មាននោះ ដើម្បីបកស្រាយ និងត្រូវពិនិត្យមើលផ្ទៀតផ្ទាត់ឱ្យបានម៉ត់ចត់ មុននឹងផ្សាយព័ត៌មានអ្វីមួយ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឱ្យមានការសម្រេចចិត្តខុសលើកិច្ចការណាមួយ ហើយបើព័ត៌មានក្លែងក្លាយនោះ មានចរិកនយោបាយ ញុះញង់បំបែក បំបាក់ ថែមទៀតនោះ នឹងកាន់តែប្រឈមនឹងហានិ ភ័យសង្គមខ្ពស់ ដែលបង្កជាភាពចលាចល ភាពវឹកវរក្នុងប្រទេស និងអាចឈានទៅកើតមានសង្គ្រាមក៏ថាបាន។ ដូច្នេះសារព័ត៌មានទាំងអស់ ត្រូវបង្កើនការផ្សព្វជួយផ្សព្វផ្សាយព័ត៌មានពិត មានប្រភពត្រឹមត្រូវ ច្បាស់លាស់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា៕ ដោយ៖ឡុង សំបូរ