តុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនមន្ត្រីនគរបាលចរាចរណ៍ម្នាក់ និងជនត្រូវចោទម្នាក់ទៀត ក្រោមការចោទពីបទ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន!

0

ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង លោក ហូយ សេរីវឌ្ឍនពិសិដ្ឋ នៅល្ងាចថ្ងៃទី២៥មីនា២០២៣ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន តាមនីតិវិធីនៃច្បាប់ លើជនត្រូវចោទ ២នាក់ ម្នាក់ជាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង និងជនត្រូវចោទម្នាក់ទៀត ក្នុងសំណុំរឿងលេខ ០៤៣ ចុះថ្ងៃទី២៥មីនា២០២៣ ក្រោមបទចោទប្រកាន់ «ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន»។

នៅក្នុងដីកាតុលាការខេត្តស្ទឹងត្រែង បានបង្ហាញថា ជនដែលត្រូវចោទទាំងពីរនាក់ ដែលត្រូវសម្រេចឲ្យឃុំខ្លួន នាល្ងាចថ្ងៃទី២៥មីនានេះ គឺ ១.ឈ្មោះ ហាន វិច្ឆិកា ហៅ ម៉ូវ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តស្ទឹងត្រែង ទីកន្លែងកំណើត ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ជនត្រូវចោទ ហាន វិច្ឆិកា ហៅ ម៉ូវ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ”ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន” ប្រព្រឹត្តនៅភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២១ និងថ្ងៃទី២២មីនា២០២៣ បទបញ្ញត្តិដែលចែងឲ្យផ្តន្ទាទោស តាមមាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ដោយឡែក ជនត្រូវចោទម្នាក់ទៀត ឈ្មោះ ខឿន រ៉ាម៉ិត ហៅ កូមីត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីកន្លែងកំណើត ភូមិពលតូច ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

ជនត្រូវចោទ ខឿន រ៉ាម៉ិត ហៅ កូមីត ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ”ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន” ប្រព្រឹត្តនៅភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២១ និងថ្ងៃទី២២មីនា២០២៣ បទបញ្ញត្តិដែលចែងឲ្យផ្តន្ទាទោស តាមមាត្រា ៤០ និងមាត្រា ៤៥ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនត្រូវចោទទាំងពីរនាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ តាមដីការបង្គាប់លេខ ១៥២ ដោយបង្គាប់មក ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ឲ្យទទួល និងឃុំខ្លួនជននេះជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីសម្រេចថ្មី ៕ ដោយ៖ឡុង សំបូរ