កំពង់ធំ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រះតេជគណ ព្រះប៉ុណញាណ ណិប អ៊ាន ព្រះអនុគណស្តីទីស្រុកស្ទោង ជាព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូតព្រមទាំងសហការី បានអញ្ជើញ និងនិមន្តជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធឆ្លងរបងថ្ម ផ្លូវក្រាលក្រួសក្រហម និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាណិបអ៊ាន កន្ធាន ស្ថិតនៅក្នុងភូមិកន្ធាន ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ ដាក់ឲ្យប្រើប្រាស់វាប់ពីពេលនេះតទៅ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងឱកាសនេះដែរលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានបញ្ជាក់ថា សមិទ្ធផលដ៏ស្អេកស្កះដែលយើងរួមគ្នាសម្រេចបានទាំងចាស់និងថ្មី គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហេតុនេះហើយយើងត្រូវនាំគ្នាថែរក្សាសន្តិភាពនេះឲ្យបានស្ថិតស្ថេរតទៅ។
ជាមួយគ្នានេះលោក សាយ គឹមឡម ក៏បានកោតសរសើនិងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សប្បុរសជន សហគមន៍ លោកនាយក លោកគ្រូ អ្នកគ្រូ ជាពិសេសបព្រះគ្រូប៉ុណញាណ ណិប អ៊ាន ដែលជាស្ថាបនិកសាលាបឋមសិក្សានេះឡើង ដែលបានលះបង់ទាំងព្រះកាយពលនិង បច្ច័យយ៉ាងច្រើន ក្នុងការកសាងសាលារៀននេះសម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រស្របតាមគោលនយោបាយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលស្រុកស្ទោងបានបន្ថែមថា ការសម្ពោធរបងថ្មប្រវែង២៥៧ម៉ែត្រនិងផ្លូវក្រាលគ្រួសក្រហមចូលសាលារៀនប្រវែង១៨០ម៉ែត្រ អស់ទឹកប្រាក់ចំនួន៦២.១៨៤.៤០០រៀល នេះគឺជាកម្លាំងសាមគ្គីដ៏មហាសាលដែលព្រះតេជគណ ណិប អ៊ាន បានដឹកនាំពុទ្ធបរិស៏ទ សហគមន៍ លោកគ្រូសិស្សានុសិស្ស កសាងទុកជាសម្បត្តិមនុស្សជាតិប្រើប្រាស់តទៅ។
គួរបញ្ជាក់ថា នៅក្នុងឱកាសនេះដែរ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានឧបត្ថម្ភកម្មវិធីសម្ពោធនេះនូវទឹកប្រាក់ចំនួន១.៤២០.០០០រៀល និងបានឧបត្ថម្ភដល់សាលារៀនទាំង១១ក្នុងឃុំប្រឡាយ នូវកង្ហាចំនួន០៤ក្នុងមួយសាលា ដោយឡែកបឋមសិក្សាណិប អ៊ាន កន្ធាន ទទួលបានកង្ហាចំនួន១០គ្រឿង និងបានឧបត្ថម្ភនូវប៊ិក សៀវភៅ និងថវិកាមួយចនួនដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូមួយចំនួន ហើយលោកអភិបាលស្រុកស្ទោង និងព្រះគ្រូ ណិប អ៊ាន សន្យានឹងជួយសាងសង់រោងកុមារហូបបាយនូវទឹកប្រាក់១០៤០ដុល្លារសហរដ្ឋអាមេរិកថែមទៀត ៕





































