បណ្តាមេដឹកនាំកំពូលៗរបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញា បានផ្ញើសារអបអរសារទរ ទៅដល់បណ្តាមេដឹកនាំប្រទេសចិន ក្នុងខួបលើកទី៦៥ នៃការបង្កើត សាធារណរដ្ឋប្រជាជនចិន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០១៤ថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន ជាមួយលោក គីម យ៉ុងណាំ ប្រធានសភាប្រជាជន និងលោក ប៉ាក់ ពុងជូ ប្រធានខុទ្ទការល័យគណៈរដ្ឋមន្ត្រី បានផ្ញើសារស្វាគមន៍ចំពោះលោក ស៊ី ជិនពីង ប្រធានាធិបតីចិន, លោក លី ខីឈៀង នាយករដ្ឋមន្ត្រីចិន និងលោក ចាង ឌីជៀន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។ នេះបើតាមសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានចេញផ្សាយ។
នៅក្នុងសារនោះមានអត្ថន័យថា «ប្រជាជនរបស់យើងសង្ឃឹមថាប្រជាជនចិននឹងសម្រេចបានជោគជ័យធំជាងមុន នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការអភិវឌ្ឍ និងភាពរុងរឿងនៃប្រទេសចិន ហើយយើងសូមឲ្យប្រទេស និងប្រជាជនចិន មានភាពរុងរឿង និងសុភមង្គលផងដែរ»។
តាមរយៈសាររបស់កូរ៉េខាងជើង លោក គីម មិនបានបង្ហាញខ្លួននោះទេក្នុងរយៈពេលជាងមួយខែមកនេះ ចាប់តាំងពីលោកបង្ហាញខ្លួនជាសាធារណៈកាលពីថ្ងៃទី០៣ ខែកញ្ញា នៅពេលលោកទៅទស្សនាការប្រគុំតន្ត្រី នៅមហោស្រព មែនស៊ូឌែរ អាត។
ជាមួយគ្នានោះដែរ កាលពីថ្ងៃទី២៦ ខែកញ្ញា វីដេអូខ្លីបមួយ ត្រូវបានគេបង្ហាញតាមរយៈទូរទស្សន៍កណ្តាលកូរ៉េ ដោយបានបញ្ជាក់ថា លោក គីម ជុងអ៊ុន នៅតែមមាញឹកក្នុងកិច្ចការរបស់លោកដដែល បើទោះបីថ្មីៗនេះ លោកមានបញ្ហាផ្នែកសុខភាពក៏ដោយ៕