សាលាដំបូងខេត្តព្រះវិហារ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញឃ្លីបវីដេអូមួយ របស់ឈ្មោះ រ័ត្ន ទីណា ក្នុងឯកសណ្ឋានជាយោធា ថាអាចបង្កបញ្ហាយល់ច្រឡំ ធ្វើឲ្យច្របូកច្របល់ និងវឹកវរដល់សង្គម !

0

ខេត្តព្រះវិហារ៖ នៅពេលថ្មីៗកន្លងមកនេះ មានការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ នូវឃ្លីបវីដេអូមួយរបស់ឈ្មោះ រ័ត្ន ទីណា ក្នុងឯកសណ្ឋានជាយោធា ដោយបានអះអាងថា ខ្លួននិងប្រជាពលរដ្ឋចំនួន ១៣គ្រួសារ រងនូវភាពអយុត្តិធម៌ ដោយសារតែខ្លួនរស់នៅលើដី ដែលជាអំណោយរបស់មន្ត្រីយោធាឈ្មោះ សុខ សារឿន ជាអ្នកចែកឲ្យ ស្ថិតនៅចំណុចព្រៃគោល ភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ និងមានលិខិតបញ្ជាក់ពីអាជ្ញាធរភូមិឃុំថែមទៀតផង ហើយដីនោះមិនមែនជាដីក្រុមហ៊ុន ឬដីឯកជនឡើយ គឺជាដីរដ្ឋ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ។

សាលាដំបូងខេត្តព្រះវិហារ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងកំឡុងឆ្នាំ២០១៣ តាមរបាយការណ៍របស់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ មានក្រុមចលនាដែលដឹកនាំដោយឈ្មោះ អ៊ិច សុផាន់ណា និងឈ្មោះ ម៉ី ណាគ្រី ដែលជាមន្ត្រីយោធាក្នុងអង្គភាពយោធភូមិភាគ៤ បានដឹកនាំ និងបំផុសបំផុលប្រជាពលរដ្ឋ ឲ្យចូលមកកាន់កាប់ទន្ទ្រាន ហ៊ុំព័ទ្ធ និងធ្វើការបែងចែកដីឡូតិ៍លំនៅឋាន និងស្រែចំការយ៉ាងអនាធិបតេយ្យនៅចំណុចព្រៃគោល ស្ថិតនៅឃុំសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដោយមិនប្រកាន់ថា ជាដីរដ្ឋ ឬដីឯកជន ដែលបានកាន់កាប់ជាយូរណាស់មកហើយនោះឡើយ។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល អភិបាលខេត្តព្រះវិហារ ក៏បានគោរពជូន ឯកឧត្តមឧត្តមសេនីយ៍ឯក មេបញ្ជាការយោធាភូមិភាគ៤ នៃកងយោធពលខេមរៈភូមិន្ទ ស្ដីពីការបញ្ឈប់សកម្មភាពរបស់ឈោ្មះ អ៊ិច សុផាន់ណា និងឈ្មោះ ម៉ី ណាគ្រី ជាមន្ត្រីយោធាក្នុងអង្គភាពយោធាភូមិភាគ៤ និងបានចេញលិខិតបង្គាប់ការបង្កើតក្រុមការងារពិនិត្យ និងស្រាវជ្រាវ ដើម្បីធ្វើការសម្របសម្រួលទៅតាមនីតិវិធីច្បាប់ ដោយបានណែនាំ និងបង្ក្រាប រហូតបានបញ្ឈប់សកម្មភាពចាប់ដី និងបែងចែកដីអនាធិបតេយ្យបានជោគជ័យ ដោយប្រជាពលរដ្ឋបានចាកចេញ ដោយពុំមានប្រជាពលរដ្ឋណាម្នាក់ ស្ថិតនៅក្នុងតំបន់អនាធិបតយ្យ ខាងលើនោះទៀតឡើយ។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ទៀតថា លុះនៅចុងឆ្នាំ២០១៥ ក៏មានបុគ្គលដែលមានឈ្មោះ រ័ត្ន ទីណា, ម៉ាញ់ យ៉ាន និងឈ្មោះ ឆុំ ចាន់ ជាមេខ្លោងដឹកនាំប្រជាពលរដ្ឋ ដូចមានឈ្មោះ ហ៊ាច ហេន, ឈ្មោះ ផោ ញ៉ាញ់, ឈ្មោះ ហង់ ហ៊ាង, ឈ្មោះ ហៀង ផាន, ឈ្មោះ ឡាយ សេងលាប, ឈ្មោះ គង់ សេង និងអ្នកផ្សេងទៀត ចូលមករស់នៅ និងសង់ផ្ទះរំលោភលើដី ចំណុចព្រៃគោល ចំដីរបស់ឈ្មោះ ឃុត ដែលបានកាន់កាប់តាំងពីឆ្នាំ២០០៤ ដោយមានអាជ្ញាធរចុះហត្ថលេខា លើលិខិតពាក្យសុំសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីលេខ ៣១៣/២០១៥ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ បើទោះបីមានការហាមឃាត់ពីអាជ្ញាធរភូមិ ឃុំ យ៉ាងណាក៏ដោយ ក៏ពួកគាត់ទាំងអស់គ្នា មិនស្ដាប់តាមការណែនាំរបស់ អាជ្ញាធរមូលដ្ឋានដែរ ។

ចំពោះលិខិតដែលឈ្មោះ រ័ត្ន ទីណា បានលើកបង្ហាញនៅក្នុងវីដេអូឃ្លីបរបស់ខ្លួន ហើយអះអាងថា ដីរបស់ខ្លួនមានលិខិតបញ្ជាក់ត្រឹមត្រូវ ទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ និងមានការទទួលស្គាល់ពីធនាគារ អាចបញ្ចាំយកប្រាក់ពីធនាគារនោះ លិខិតនេះមិនមែនជាពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដីធ្លីនោះទេ លិខិតនោះ ជាលិខិតបញ្ជាក់ប្រវត្តិ ដែលអាជ្ញាធរបានចេញ ជូនទៅតាមតម្រូវការរបស់ធនាគារ ក្នុងគោលបំណងជួយសម្រួលដល់ជីវៈភាពរបស់ប្រជាពលរដ្ឋ នៅក្នុងឆ្នាំ២០១៧ តែប៉ុណ្ណោះ។

នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៣១ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ របស់សាលាដំបូងខេត្តព្រះវិហារ អាជ្ញាធរភូមិ ឃុំ និងអាជ្ញាធរស្រុកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានស្នើសុំធ្វើលិខិតបញ្ជាក់ខាងលើ បានអះអាងអួតកុហក់ថា ដីនោះពុំមានទំនាស់នោះទេ ទើបពួកខ្លួន ជួយធ្វើលិខិតបញ្ជាក់ជូន។

ចំពោះសំណុំរឿងព្រហ្មទណ្ឌលេខ ៥៣១ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ របស់សាលាដំបូងខេត្តព្រះវិហារ បានលើកយកមកជំនុំជម្រះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ និងប្រកាសជាសាធារណៈនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដោយមានសាលក្រមព្រហ្មទណ្ឌលខ ០៦(គ) ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ រួចហើយ។

ទាក់ទិនករណីខាងលើ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ រ័ត្ន ទីណា និងជនជាប់ចោទផ្សេងទៀត បានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមព្រហ្មទណ្ឌលេខ ០៦(គ) ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទៅតាមនីតិវិធីរួចហើយដែរ ដែលការដាក់ពាក្យបណ្ដឹងឧទ្ធរណ៍នេះ ជាជម្រើសត្រឹមត្រូវទៅតាមគតិច្បាប់។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ថា ការជ្រើសរើសយកវិធីផ្សាយព័ត៌មាន ដើម្បីការពារខ្លួនដោយបំភ័ន្តដល់មហាជននោះ មិនមែនជានីតិវិធីការពារខ្លួនល្អនៅក្នុងរឿងក្តីឡើយ ផ្ទុយទៅវិញអំពើនោះជាអំពើ អាចបង្ករបញ្ហាយល់ច្រឡំច្របូកច្របល់វឹកវរដល់សង្គម ដែលបានបង្កើតឱ្យមានទោសព្រហ្មទណ្ឌ ថែមទៀតផង៕ ដោយ៖ឡុង សំបូរ