(កំពង់ធំ)៖ គួររំលឹកផងដែរថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២:១០នាទី នៅចំណុចរោងការឈ្មោះ ខាវ ប៉ាវ ភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីហិង្សាដោយចេតនា យកកៅអីដែកវាយលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
ក្នុងនោះជនរងគ្រោះមានឈ្មោះ រ៉ា ណារ៉េត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យមានរបួស០១កន្លែង បែកក្បាលផ្នែកខាងលើ។
បង្កឡើងដោយជនសង្ស័យ០១នាក់ ឈ្មោះ ណន សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិ សង្កាត់ជាមួយគ្នា។
បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះសមត្ថកិច្ច បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន មូលហេតុមានគំនុំឈ្លោះគ្នាពីមុនមក។
លោកវរៈសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែនបានឲ្យបញ្ជាក់ឲ្យដឹងថា ខណៈនេះជនសង្ស័យដែលប្រើប្រាស់អំពើហិង្សាដោយចេតនា យកកៅអីដែកវាយលើជនរងគ្រោះ របួសធ្ងន់នោះ ត្រូវបានចងក្រងសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំហើយ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។