(កំពង់ធំ)÷ ការរាតត្បាតនៃជម្ងឺកូវីដ-១៩ នាឆ្នាំ២០២០ និង២០២១កន្លងមក ព្រមទាំងជំនន់ទឹកភ្លៀងប៉ុន្មានខែមុននេះធ្វើឲ្យប្រជាពលរដ្ឋស្រុកតាំងគោកមួយចំនួន បានជួបនឹងការប្រឈមលំបាកក្នុងជីវភាពរស់នៅ ដូច្នេះការពិនិត្យព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃ គឺជាការរួមចំណែកជួយកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។
ជាក់ស្តែងដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជនតាមរយ:លោក ហាក់ ម៉ុងហួត អភិបាលស្រុក រដ្ឋបាលស្រុកតាំងគោក បានសហការជាមួយក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលប្រតិបត្តិបារាយណ៍-សន្ទុក បន្តធ្វើការពិនិត្យព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
នៅក្នុងឱកាសនោះផងដែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពុំបានមកផ្ទាល់ដោយសារមានកិច្ចការដែលត្រូវបំពេញទាំងក្នុងនិងក្រៅប្រទេស ។សម្តេចតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ស្របពេលដែលអាជ្ញាធរភូមិ ឃុំ ចុះជាប្រចាំក្នុងមូលដ្ឋានដើម្បីក្តាបបានរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូន និងរាយការណ៍បន្តទៅថ្នាក់លើជួយអន្តរាគមន៍ករណីខ្លួនមិនមានលទ្ធភាពដោះស្រាយជូន។ ក្នុងនោះផងដែរលោក ហាក់ ម៉ុងហួត ក៏ធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលានិងថវិកាផ្ទាល់ ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនបងប្អូន លោកយាយ លោកតានៅពេលនេះ។ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។
លោកអភិបាលស្រុកតាំងគោកក៏បានបន្តទៀត ការចុះពិនិត្យព្យាបាល នេះជាសកម្មភាពបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យដែលធ្វើជារាងរាល់ថ្ងៃនៅតាមមណ្ឌលសុខភាព ។ សំណូមពរឲ្យប្រជាពលរដ្ឋទៅរកសេវាសុខភាពនៅដែលក្បែរផ្ទះព្រោះវាអាចកាត់បន្ថយនូវការចំណាយលើសេវាឯកជន ម្យ៉ាងទៀតតាមមណ្ឌលសុខភាពមានសម្ភារ:គ្រប់គ្រាន់ មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។
សូមបញ្ជាក់ថា៖ ការពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើបាន៧ឃុំ ពិនិត្យនិងព្យាបាលជំងឺបងប្អូន លោកយាយលោកតា បាន ២,៩៧៦នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យនិងបន្តធ្វើទៀត៕