(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងពីធីចែកប័ណ្ណកម្មសិទ្ធអចលនទ្រព្យ ជូនដល់ប្រជាពលរដ្ឋម្ចាស់ប័ណ្ណ នៅក្នុងភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោងខេត្តកំពង់ធំ នៅព្រឹកពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
លោក សាយ គឹមឡម បានបញ្ជាក់បន្ថែមថា ការដែលយើងទាំងអស់គ្នាទទួលបានប័ណ្ណកម្មសិទ្ធិអចលនទ្រព្យដូចនេះគឺស្របតាមគោលនយោបាយគ្រប់គ្រងដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើនិងប្រគល់ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីគ្រប់គ្រង ប្រើប្រាស់ពេញសិទ្ធិ និងធ្វើជាអំណោយ ឬមរត៌កដល់នរណាម្នាក កូនចៅរបស់ខ្លួន ហើយដោយសារប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពពេញលេញបរិបូរណ៍ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះលោកអភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងពីធីចែកប័ណ្ណកម្មសិទ្ធអចលនទ្រព្យក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ មន្ត្រីជំនាញនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែ និងបានយកចិត្តទុកដាក់ក្នុងការ ផ្តល់ប័ណ្ណសម្គាល់អចលនទ្រព្យដល់បង ប្អូនប្រជាពលរដ្ឋគ្រប់រូប។ សម្រាប់ជាការសម្គាល់ម្ចាស់កម្មសិទ្ធិពេញលេញ និងជាគុណតម្លៃក្នុងការប្រើប្រាស់ និងមរត៌កផងដែរ ប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)នេះ នឹងជួយឱ្យតម្លៃដីកាន់តែមានម្លៃខ្ពស់ជាងដីដែលគ្មានប្លង់រឹងទៀតផង។
គួរបញ្ជាក់ផងដែរថា ប័ណ្ណកម្មសិទ្ធិដែលចែកជូននៅពេលនេះសរុបចំនួន១.៩៤៨ក្បាលដី ដែលក្នុងនោះមានដូចជា ដីលំនៅឋានចំនូន៧៦២ក្បាលដី ដីកសិកម្ម ១.១០៧ក្បាលដី វត្ត០២ក្បាលដី ដីទួលរួម០៩ក្បាលដី សាលារៀន០២ក្បាលដី ស្នាក់ការបក្ស០១ក្បាលដី សាលាឃុំ០១ក្បាលដី ទួលអ្នកតា០២ក្បាលដី និងដីគ្មានទិន្នន័យចំនួន៦២ក្បាលដី។