កំពង់ធំៈ នៅក្នុងខេត្តកំពង់ធំ មានរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនកន្លែង ក្រៅពីរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានភ្នំសន្ទុក រួមទាំងរមណីយដ្ឋានកែច្នៃដូចជារមណីដ្ឋានបឹងសំរិទ្ធ និងរមណីយដ្ឋាន ទំនប់១មករា ឬស្ទឹងជីនិត ដែលប្រជាពលរដ្ឋខ្មែរ ទាំងក្នុងស្រុកនឹងក្រៅស្រុក បានអញ្ជើញមកទស្សនា ក្រៅ ពីរមណីយដ្ឋានដែលបានរៀបរាប់ខាងលើ ក៏មានរមណីដ្ឋាន ប្រវត្តិសាស្ត្រមួយកន្លែង ដែលមានអាយុកាល ចំណាស់ និងសាងសង់សម័យមហានគរផងដែរ គឺរមណីយដ្ឋាន ប្រាសាទគុហនគរ ដែលមានទីតាំស្ថិតនៅ ក្នុងភូមិ ត្រដក់ពង ឃុំ ពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
រមណីយដ្ឋានប្រាសាទគុហនគរ គឺជារមណីយដ្ឋាដែលមានភាព ទាក់ទាញឲ្យភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ មកទស្សនាមកកំសាន្តជាច្រើនផងដែរ តែក៏មិនសូវជាមានឈ្មោះបោះសំលេងល្បីល្បាញខ្លាំងនោះទេ តែពេលនេះ ក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានជម្រុញឲ្យមន្ទីរ ទេសចរណ៍ខេត្តកំពង់ធំ យកចិត្តទុកដាក់ ក្នុងការរៀបចំនូវសណ្តាប់ធ្នាប់ និងបរិស្ថាន ដើម្បីកែលំអរឡើងវិញ ក្នុងការ សម្រួលដល់អ្នកទេសចរណ៍ មកកំសាន្តទៅនេះ ។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយទទួលបានការចង្អុល បង្ហាញពីឯកឧត្តម អភិបាលខេត្ត ឲ្យមន្ទីរទេសចរណ៍ រៀបចំដាក់ផ្លាកសញ្ញាបង្ហាញទិសសម្រាប់ឲ្យភ្ញៀវទេសចរណ៍ បានស្គាល់ និងបានឃើញ ក្នុងនោះនឹងរៀបចំផ្លូវចូល ព្រមទាំងថែរក្សាបរិស្ថាន ឲ្យមានធុងសំរាម និងមានឆ្មាំជាអ្នកថែរក្សា លោក សេង អាន បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុងស្រុក និងក្រៅស្រុក អញ្ចើញមក
ទស្សនារមណីយដ្ឋាន គុហនគរ ឲ្យបានច្រើនដើម្បីឲ្យបានដឹងថា ក្នុងខេត្តកំពង់ធំ មានកន្លែងទេសចរណ៍ជាច្រើនសម្រាប់បំរើសេចក្តីត្រូវការរបស់អ្នកទេសចរណ៍ ។រមណីយដ្ឋានប្រាសាទគុហនគរ មានចម្ងាយពីទីក្រុងភ្នំពេញ ៩៦គ.ម ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ៦ មកដល់ផ្សារតាំងគោក និង ឃើញមានផ្លាក់សរសេរដាក់ សូមស្វាគមន៍រមណីយដ្ឋានប្រវត្តិសាស្ត្រគុហនគរ មានខ្លោងទ្វារពណ៌ផ្កាឈូក ចូលតាមផ្លូវលំ និង
បានឃើញប្រាសាទគុហនគរ នៅក្នុងបរិវេណវត្តគុហនគរ ប្រាសាទគុហនគរ ត្រូវបានកសាងឡើងកាលសម័យ សតវត្សទី១១ មានបណ្តោយ៤៥ម៉ែត្រ ទទឹង៣៥ម៉ែត្រ មានកម្ពស់៣ម៉ែត្រ មានកំផែងព័ទ្ធ ជុំវិញដោយថ្មក្រៀម និងមានរូបឆោមស្រស់ស្អាត ថែមទាំង
បានប្តូរពណ៌ទៅតាមពេលវេលាផងដែរ តាមការ ឲ្យដឹងពីលោក តាអាចារ្យនៅវត្តគុហនគរ បានបញ្ជាក់ថា ប្រាសាទគុហនគរនេះ បានកសាងឡើងក្នុងគោល បំណងដើម្បីតម្កល់លិង្គឥសូរ និងយោនី នាងឪមា ក្នុងគោលបំណងឧទ្ទិសព្រហ្មញ្ញសាសនា សម្រាប់ឲ្យ ប្រជាពលរដ្ឋ គោរពជាទីស្ការៈបូជា ។ ដោយ ប៊ុន រដ្ឋា