មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ​ទី​៤​ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការងារអប់រំចិត្តសាស្ត្រ ជូនដល់យោធិន

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ​ទី​៤​ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផ្សព្វផ្សាយរៀនសូត្រខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ជូនដល់យោធិនចំណុះទីបញ្ជាការ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលសកម្មភាពការងារអប់រំចិត្តសាស្ត្រ និងការងារហ្វឹកហ្វឺនរៀនសូត្រ ជូនយោធិននៅគ្រប់បណ្ដាកងឯកភាពចំណុះ កន្លងមក  និងលើកឡើងនូវទិសដៅមួយចំនួន សម្រាប់អនុវត្តបន្ត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡេីងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅលើពិភពលោក ក្នុងតំបន់ និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានឆន្ទៈមោះមុត  និងមានមនសិការស្នេហាជាតិពិតប្រាកដ ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត របស់ប្រជាជន  ដែលបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យគួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនទាំងអស់ ត្រូវប្តេជ្ញាចិត្តដាច់ខាត ការពារឲ្យបានសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ជូនប្រជាជនកម្ពុជា  ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើង បន្តអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើនបន្ថែមទៀត ឲ្យដូចបណ្ដាប្រទេសដែលកំពុងរីកចម្រើនជឿនលឿននៅលើពិភពលោក។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោសោម ស៊ុន ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល និងបានប្រកាសគាំទ្រយ៉ាងឱឡារិក នូវបេក្ខភាពឯកឧឧត្តមនាយឧត្តមសេនីយ៍ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នៅពេលអនាគត ៕