សៀមរាប÷ រថយន្តបាឡែនពណ៌ស្ករ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2N.1204 ត្រូវគេបានស្គាល់ថាម្ចាស់រថយន្តមានឈ្មោះ សេត ដែលជាឈ្មួញរកសុីដឹកឈើខុសច្បាប់ដុះស្លែប្រចាំខេត្តសៀមរាបជាយូរឆ្នាំមកហើយនោះ ក៏ធ្លាប់ត្រូវបានជំនាញរដ្ឋបាលព្រៃឈើចាប់បានកន្លងមកហើយ។
លោកលី សូផា នាយរងផ្នែករដ្ឋបាលព្រៃស្រុកបន្ទាយស្រីបានឲ្យដឹងថា ឈ្មួញដឹកឈើជើងខ្លាំងរូបនេះមានឈ្មោះ សេត ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគគ្លើន មិនខ្លាចញញើតច្បាប់បន្តិចសោះ ហើយវាសនាអាក្រក់នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ រថយន្តខាងលើដឹកឈើពេញបំរុងឆ្ពស់ទៅទិសខាងលិចនៃខេត្តសៀមរាប ហើយត្រូវបានពលរដ្ឋប្រទះឃើញហើយរាយការណ៍ការជូន លោកទើបដេញស្ទាក់រថយន្តដឹកឈើនោះក៏បានបើករត់បកក្រោយហើយធ្វើការឃាត់បាន ត្រង់ចំណុចរង្វង់មូលផ្ការំដួលស្វាយធំនៅវេលាម៉ោង៧ល្ងាចកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។
លោកបញ្ជាក់ថា ម្ចាស់រថយន្តបានដាក់មេប្រូចបាត់ស្រមោលតែម្តង បច្ចុប្បន្នរថយន្តទាំងឈើជាវត្ថុតាងត្រូវបានយកទៅរក្សាទុក្ខនៅ ផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី រង់ចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ព្រៃឈើ៕





































