(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនតំបន់ប្រតិបត្តិការសឹករងប៉ៃលិន យោធភូមិភាគ៥ កងទ័ពជើងគោក ។
ពិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូអមគណៈអធិបតី មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគ៥ ,មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ,អ្នកតំណាងរាស្ត្រ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ,អភិបាលរងខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងនាយទាហាន ពលទាហាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី កែម អនុច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន អានរបាយការណ៍ពាក់ព័ន្ធការរីកចំរើនរបស់អង្គភាពរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលជាច្រើន របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គភាពសម្ព័ន្ធមេត្រីភាព ក៏ដូចជាការចូលរួមចំណែកជាបដិភាគផ្ទាល់ របស់យោធិនក្នុងអង្គភាព ដោយសមិទ្ធផលថ្មីទាំងនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដោយជួយសម្រួលការងារប្រចាំថ្ងៃរបស់អង្គភាពបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយជានិច្ចជាកាល សម្តេច តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួនសម្តេចផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនតំបន់ប្រតិបត្តិការសឹករងប៉ៃលិនទាំងអស់ ដែលបានខិតខំពុះពារបំពេញភារកិច្ច រហូតសម្រេចបាននូវស្នាដៃ និងគុណបំណាច់ជាច្រើនទាំងលើការបំពេញភារកិច្ចស្នូល, ការកសាងអង្គភាព, ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ, ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វសំដៅធានាលើកកម្ពស់ជីវភាពយោធិន គ្រួសារយោធិន ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីមិត្ត។ ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ អង្គភាពក៏បានខិតខំយកចិត្តទុកដាក់ការពារសុខភាពរបស់យោធិន និងគ្រួសារយោធិន តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ “៣កុំ ៣ការពារ” រួមជាមួយនឹងវិធានការសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗ ហើយក៏បានទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញបាន ១០០%។ មួយវិញទៀត អង្គភាព ក៏បានសកម្ម ចូលរួមសហការបំពេញភារកិច្ចផ្សេងៗទៀត ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន