ទឹកមានសារសំខាន់ណាស់សម្រាប់សុខភាពមនុស្សសត្វរុក្ខជាតិ

0

បន្ទាយមានជ័យ៖ ទឹកគឺជាជីវិតពិតគឺមានសារសំខាន់ណាស់សម្រាប់សុខភាពមនុស្សសត្វរុក្ខជាតិ នេះគឺជាប្រសាសន៍លើកឡើងរបស់លោក លីសារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានថ្លែងក្នុងពិធីអបអរសាទរទិវាពិភពលោកលើកទី៣០ ឆ្នាំ២០២៣ នៅបរិវេណ

សាលាស្រុកមង្គលបូរី រៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។
ពិធីនេះមានការឧបត្ថម្ភគាំទ្រដោយ តាមរយៈកាកបាទក្រហម ហ្វាំងឡង់ ក្នុងកម្មវិធីនេះក៏មានការដង្ហែជាក្បួនដោយថ្មើរជើងពីសំណាក់គណៈអធិបតីនិងក្រុមយុវជន ។ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា ទិវាទឹកពិភពលោកឆ្នាំ២០២៣ គឺផ្ដោតសំខាន់លើប្រធានបទពន្លឿនការផ្លាស់ប្តូរ ដើម្បីដោះស្រាយវិបត្តិទឹកស្អាត និងអនាម័យដើម្បីស្របនឹងពិភពលោកសម្រាប់ប្រទេសកម្ពុជាយើង ផ្ដោតលើប្រធានបទពន្លឿនការផ្តល់សេវាកម្មទឹកស្អាតនិងអនាម័យ ដើម្បីដោះស្រាយវិបត្តិកង្វះទឹកស្អាត និងអនាម័យនៅតំបន់ជនបទ នឹងពិភាក្សាអំពីដំណោះស្រាយផ្សេងៗ ដើម្បីដោះស្រាយវិបត្តិកង្វះខាតទឹកស្អាតនិងអនាម័យពិតគឺជាផ្នែកមួយដ៏សំខាន់ដែលទាក់ទងនឹងគ្រប់វិស័យរួមមានការអភិវឌ្ឍការកាត់បន្ថយភាពក្រីក្រកសិកម្មសុខភាពបរិស្ថានការអប់រំផែនការ និងការអភិវឌ្ឍ រចនាសម្ព័ន្ធប្រទេសកម្ពុជាជាប្រទេសដែលសម្បូរទៅដោយទឹកធម្មជាតិ ប៉ុន្តែមកដល់បច្ចុប្បន្ននេះនឹងមានប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទប្រហែល ១៧%ពុំទាន់ទទួលបានទឹកមកពីប្រភពកែលម្អ សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំនៅឡើយ ហើយប្រជាពលរដ្ឋនៅប្រហែល៨០% ពុំទាន់ទទួលបានទឹកផឹកប្រកប អនាម័យនៅឡើយ។
លោកលីសារីអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តបានមានប្រសាសន៍ថា កង្វះទឹកស្អាតនិងអនាម័យប៉ះពាល់ដល់យើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះបំផុត ម្យ៉ាងវិញទៀតប្រជាពលរដ្ឋនៅតំបន់ជនជាច្រើន នៅផឹកទឹកមិនមានអនាម័យតែធ្វើឲ្យពួកគាត់ប៉ះពាល់ដល់សុខភាព ឬឈឺ ពិសេសមនុស្សចាស់និងកុមារដែលពួកគាត់ពុំអាចទៅធ្វើការឬក៏ទៅសាលារៀនបានការស្លាប់ដោយសារជំងឺអាសន្នរោគនៃជំងឺគ្រុនពោះវៀននឹងក្លាយជាគ្រោះថ្នាក់ឥតឈប់ឈរដោយសារការផឹកទឹកមិនមានសុវត្ថិភាព។
ដូច្នេះយើងត្រូវដោះស្រាយវិបត្តិកង្វះទឹកស្អាតនិងអនាម័យ និងជំរុញការផឹកទឹកសុវត្ថិភាពនៅតំបន់ជនបទក្នុងពេលជាមួយ នេះផងដែរយើងក៏ត្រូវផ្ដោតសំខាន់លើបញ្ហាបរិស្ថាន ដែលអាចប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ប្រភពទឹកទាំងនៅលើដីនិងក្រោមដី ដើម្បីចូលរួមដោះស្រាយនូវវិបត្តិកង្វះខាតទឹកស្អាត និងអនាម័យការលើកកម្ពស់និងប្រារព្ធទិវាពិភពលោកនៅថ្នាក់មូលដ្ឋានគឺមានសារសំខាន់ណាស់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិបត្តិកង្វះទឹកស្អាត និងជំរុញការផឹកទឹក សុវត្ថិភាព។ យើងគ្រប់គ្នាត្រូវចូលរួមចាត់វិធានការដើម្បីខ្លួនយើងក្រុមគ្រួសារយើងសហគមន៍យើងនិងសង្គមជាតិយើងទាំងមូល៕ដោយ៖ឃិន គន្ធា