ដោយ សួន លីណា
ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនា
តូចលេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងឈរជើងការពារទឹកដី តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ជាអង្គភាពសម្ព័ន្ធមេត្រីភាព នាឱកាសបុណ្យចូលឆ្នាំ ។
កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឧត្តមសេនីយ៍ទោ ផាន់ និមិត្ត តំណាងក្រុមការងារខុទ្ធការល័យសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៨ ក៏ដូចជាលោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងជាច្រើនរូបទៀត ។
ក្នុងនាមលោកទេសរដ្ឋមន្ត្រី ហូ សិទ្ធី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ ។
នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខផងដែរ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការ ថ្នាក់ដឹកនាំកងទ័ពជើងគោក ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃវរសេនាតូចលេខ៣៨៥ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះផងដែរ ។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានថ្លែងអំណរគុណចំពោះលោកទេសរដ្ឋមន្ត្រី ហូ សិទ្ធី ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាទៀង ក្នុង១ឆ្នាំ៣ដង គឺថ្ងៃខួប ៧មករា បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ។
ក្នុងនាមលោកទេសរដ្ឋមន្ត្រី ហូ សិទ្ធី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងអំណរគុណដល់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកឧកញ៉ា ពង់ ឃាវសែ អគ្គនាយកធានាគារកាណាឌីយ៉ា និងភូមិវប្បធម៌សៀមរាប ក៏ដូចជាលោក អ៊ូច ឌីណា លោក ហាក់ ចាន់រឿន លោក ឡុញ ហ៊ាល និងលោក តាំង ស៊ុយជា ដែលបានចូលរួមជាមួយខុទ្ទកាល័យសម្តេចតេជោ ឧបត្ថម្ភថវិកា និងសម្ភារជូនដល់កងទ័ពដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ។
នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់កងទ័ពទាំងអស់ ត្រូវការពារឱ្យបានដាច់ខាតនូវសុខសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន ខំប្រឹងរកបានទាំងលំបាកឱ្យនៅស្ថិតស្ថេរ គង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍថែមទៀត និងបានណែនាំដល់កងទ័ពអង្គភាពវរសេនាតូចលេខ៣៨៥ ត្រូវយកចិត្តទុកដាក់គិតគូរអំពីលេណដ្ឋាន អាវុធយុទ្ធភ័ណ្ឌទាំងអស់ ហើយត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ពិសេសខិតខំរក្សាទំនាក់ទំនងល្អជាមួយកម្លាំងមិត្តប្រទេសជិតខាង ដើម្បីឱ្យព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។
សូមបញ្ជាក់ដែរថា អំណោយដែលនាំមកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១៦ម៉ឺននរៀល ឧបត្ថម្ភអង្គភាពវរសេនាតូចលេខ៣៨៥ ចំនួន ៥,០០០ដុល្លា និងថ្នាំពេទ្យផ្សេងៗមួយចំនួនទៀតផងដែរ ៕





































