កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា នឹងមិនលេីកលែងជាដាច់ខាត ចំពោះជនទាំងឡាយណាដែលប្រព្រឹត្តិ នូវអំពើពុករលួយ តាមរយៈការផ្តល់ប័ណ្ណ ប ស ស ជូនប្រជាពលរដ្ឋ ដោយមានចិត្តលម្អៀងទុច្ចរិតនិយមបក្សពួក ការថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ។
បន្ទាប់ពីមានលេីកឡើងពាក់ព័ន្ធទៅនឹងការផ្តល់ប័ណ្ណ ប ស ស មិនប្រក្រតី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់សមាជិកក្រុមប្រឹក្សាខេត្ត ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ឱ្យជួយវែកមុខជនទាំងឡាយណា ដែលបានប្រព្រឹត្តិអំពើពុករលួយ តាមរយៈការផ្ដល់ ប័ណ្ណរបបសន្តិសុខសង្គម ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាបានយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលរស់នៅក្បែរបន្ទាត់ក្រីក្រ ហើយបានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍គាំពារសង្គម តាមរយៈកម្មវិធីជំនួយសង្គមចំនួន ២បន្ថែមទៀតគឺ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ដោយទឹកជំនន់នាពេលកន្លងមកផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាស ទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ (មេសា ឧសភា មិថុនា) ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងលើការស្នើសុំផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២៤។
៥-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៤ ៕





































