ក្មេងទំនើងទាំងហ្វូង ដេញកាប់ប្លន់ម៉ូតូ រហូតបានសម្រេច

0

ខេត្តបាត់ដំបង ÷ ករណីប្លន់មានជនបង្កចំនួន៥នាក់ ក្នុងចំណោមបក្ខពួកទាំង១៥នាក់ ត្រូវបានសមត្ថកិច្ចស្រុកថ្មគោល តាមស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន បន្ទាប់ក្រុមនេះ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូជាច្រើនគោលដៅរហូតបានសម្រេច។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៩ និង ៣០នាទី យប់ នៅចំណុចផ្លូវលំចូលតំបន់កម្សាន្តឡេង ណាវ៉ាត់ត្រា នៅខាងជើងវត្តវាលទ្រា ស្ថិតក្នុងភូមិ វាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
តាមការបញ្ជាក់ពីសមត្ថកិច្ច គឺករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ (កាប់ប្លន់យកម៉ូតូ) បានបង្កឡើងដោយក្រុមក្មេងទំនើង១ក្រុម មានគ្នាប្រហែល១៥នាក់ ជិះម៉ូតូចំនួន៥គ្រឿង បានធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះឈ្មោះ ញ៉ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល បណ្តាលអោយរងរបួសត្រង់ស្មាខាងស្តាំ(របួសធ្ងន់) ខណៈពេលជនរងគ្រោះជិះម៉ូតូជាមួយមិត្តភក្កិ ចេញពី តំបន់កម្សាន្ត ឡេង ណាវ៉ាត់ត្រា ។
សមត្ថកិច្ចបានបន្តថា នៅពេលដែលជនរងគ្រោះជិះម៉ូតូមកជិតដល់ថ្នល់ជាតិ គឺក្នុងពេលជិះច្រាសទិសគ្នា បន្ទាប់មកជនរងគ្រោះក៏ជិះគេចខ្លួនសំដៅមកទិសខាងត្បូង ហើយជនបង្កក៏បានជិះម៉ូតូតាមកាប់ពីក្រោយរហូតដល់ចំណុចមុខសាលារៀនបឋមសិក្សាពពាលខែ ស្តិតក្នុងក្រុមទី១៦ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ជនរងគ្រោះក៏រត់អោយគេជួយ ជួនពេលហ្នឹងក៏មានម៉ូតូ១គ្រឿងទៀត ជិះគ្នា៣នាក់ចេញពីក្នុងសាលារៀន ក៏ជួបក្រុមបង្ក ហើយក្រុមបង្កនោះ បានកាប់សំដៅទៅលើម៉ូតូនោះតែម្តងដោយម៉ាកនោះម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1A.0095 ជារបស់ជនរងគ្រោះឈ្មោះ ចិត ចិនសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល រួចក្រុមបង្កក៏បានយកម៉ូតូនោះជិះគេចខ្លួនបាត់តែម្ដង។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កាបនិងឃាត់ ខ្លួនបានជនសង្ស័យ១នាក់ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល តាមចម្លេីយសារភាពរបស់ជនសង្ស័យ​ខាងលេី​      បក្សពួកខ្លួនដែលធ្វេីសកម្មភាពមានចំនួន១៥នាក់​  នឹង​ ស្គាល់អត្តសញ្ញាណចំនួន៤នាក់។
លុះនៅថ្ងៃទី១០ ខែ ឆ្នាំ ដដែល កម្លាំងជំនាញស្រុកសហការណ៍ជាមួយកម្លាំងជំនាញខេត្ត  បានចុះធ្វើការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ១-ឈ្មោះព្រឿន សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅនៅភូមិកណ្ដាលត្បូង ឃ្មុំគោកឃ្មុំ​ ស្រុកថ្មគោល(ហែហម) ២-ឈ្មោះមឿន សំណាង ភេទប្រុសអាយុ ១៦ ឆ្នាំ មានទីលំនៅភូមិកសិកម្ម ឃុំតាពូង  ស្រុកថ្មគោល(ហែហម) ៣-ឈ្មោះលឹម លីហ៊ាង ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល(ហែហម) និង ៤-ឈ្មោះលាង ហូវ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅនៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល  នឹងបក្សពួក ១-ឈ្មោះសារឿង​ ប្រុសពេជ្រ​ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិវាលទ្រា​ ឃុំអូរតាគី​ ស្រុកថ្មគោល(ជនដៃដល់កាប់ជនរងគ្រោះ និង កាប់ម៉ូតូ)(កំពុងរត់គេចខ្លួន) ២-ឈ្មោះនេត​ ភេទប្រុស អាយុ១៥ឆ្នាំមានទីលំនៅភូមិតាសី​ ឃុំតាម៉ឺន​ ស្រុកថ្មគោល(ជនដៃដល់កាប់ម៉ូតូ)(កំពុងរត់គេចខ្លួន)នឹងបក្សពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ ៥ នាក់នោះបានឆ្លើយថាពួកខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពជិះម៉ូតូដេញកាប់ជនរងគ្រោះនឹងកាប់ម៉ូតូជនរងគ្រោះពិតប្រាកដមែន​ ។ ទើបសមត្ថកិច្ចសុំគោលការឃាត់ខ្លួនបណ្ដោះអាសន្ន​ ដេីម្បី​កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ អត្ថបទ ដោយ ព្រាប.ស