កំពង់ធំ÷ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកនៅអំណោយស្បៀងអាហារគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចូលរួមក្នុងពិធីបុណ្យសពកុមាររងគ្រោះដោយសារលង់ទឹកស្លាប់កាលពីរសៀលថ្ងៃទី១១ ខែមេសា
ឆ្នាំ២០២៣ កន្លងមកនេះ ជូនក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត គ្មានលទ្ធភាពធ្វើបុណ្យឲ្យបានសមរម្យ រស់នៅភូមិថ្នល់បែកខាងលិច ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមរបាយការណ៍របស់ក្រុមគ្រួសារសពបានបញ្ជាក់ថា លោក ធឹម សាក់ មានអាយុ២៥ឆ្នាំ ត្រូវជាឪពុកបានទៅប្រកបមុខរបររកទទួលទាន ដើម្បីចិញ្ចឹមជីវិត ដោយឡែកម្ដាយឈ្មោះ ហ៊ាន ស្រីពៅ អាយុ២៣ឆ្នាំ ត្រូវទៅប្រកបរបរកទទួលទាន ជាកម្មករនៅទីក្រុងភ្នំពេញ ហើយ គ្រួសារ នេះ បានលែងលះគ្នា ដោយទុកកូនផ្ញើជាមួយនឹងជីដូនដើម្បីចិញ្ចឹមបីបាច់មើលថែទាំ តែគួរឱ្យអនិច្ចារ នៅពេលដែលជីដូនមានធុរៈនៅក្បែរផ្ទះអ្នកជិតខាង ហើយបានទទួលព័ត៌មានពីប្អូនៗជីដូនមួយ នៃសពដែលទៅលេងទឹកជាមួយគ្នា ថាប្អូនស្រីអាយុ៣ឆ្នាំ ត្រូវបានលង់ទឹកស្លាប់បាត់ទៅហើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់កុមាររីអភ័ព្វ ខ្វះភាពកក់ក្តៅ ដែលម្ដាយនិងឪពុកលែងលះគ្នា មិនបាននៅមើលថែ ហើយបានទទួល មរណៈភាពចោលជីដូនបងប្អូននិងឪពុកម្ដាយទាំងនៅក្មេងខ្ចី។ នៅក្នុងឱកាសនេះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមបួងសួងសុំឱ្យវិញ្ញាណក្ខន្ធកុមាររី សាក់ ធីតា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ឧត្តម ឧត្តមសេនីយ៍ ទោ សោម ស៊ុន បាន បញ្ជាក់ ថា ដោយ ឃើញ ពី ទុក លំបាក នេះ ថ្នាក់ ដឹក នាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន នាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្នុងពិធីបុណ្យសពនៅពេលនេះរួមមាន អង្ករចំនួន៥០ គីឡូក្រាម មីជាតិចំនួន០២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន០៤ យួរ ត្រីខកំប៉ុង ចំចំនួ០២យួរ និង ថវិកា មួយ ចំនួន ផងដែរ ។




































