ប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រី ចុះសួរសុខទុក្ខ កងទ័ព ទិសទី១ ប្រាសាទព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំខ្មែរ!

0

ខេត្តព្រះវិហារ ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ឯកឧត្តម ជ្រា សុចិន្តា និងឯកឧត្តម ស៊ិន ប៊ុល រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នាំយកអំណោយ ទីស្តីការគណៈរដ្ឋមន្ត្រី ចែកជូនដល់កងទ័ព អង្គភាពកងពលធំអន្តរាគមន៍លេខ៣ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ។

 

ពិធីនេះបានធ្វើឡើង នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២៣ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងឯកឧត្ដម មេបញ្ជាការរង នាយ និងពលទាហាន ជាច្រើនរូបទៀត ។

អំណោយដែលត្រូវបានចែកជូនកងទ័ព នាពេលនោះ រួមមាន៖ មីជាតិ ចំនួន ១០០០កេស, ត្រីខរូបស្រី៣នាក់ ចំនួន ៥០កេសធំ, ឆៃពៅផ្អែម ចំនួន ៥០០គីឡូ, ទឹកត្រីរូបបង្កង ចំនួន ២០០យួរ, ទឹកស៊ីអាវរូបគោ ចំនួន ២០០យួរ, ទឹកក្រូចចំរុះ ចំនួន ១០០កេស ។

ឯកឧត្តម ជ្រា សុចិន្តា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខផងដែរ ពីសំណាក់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពកងពលធំអន្តរាគមន៍លេខ៣ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ។

ឯកឧត្តម ជ្រា សុចិន្តា បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឲ្យកម្ពុជាមានសន្តិភាព សុវត្តិភាព ស្ថិរភាពនយោបាយពេញលេញ នាំមកនៅការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។ ឯកឧត្តម បានបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះ ប្រទេសកម្ពុជាយើង និងមានព្រិត្តិការណ៍ធំៗ ចំនួនពីរ ១-ការរៀបចំពិធីប្រគួតកីទ្បាស៊ីហ្គេម ដែលកម្ពុជាយើងបានអាក់ខាន ចំនួន ៦៤ឆ្នាំ កន្លងមកហើយ ។
២-ការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។

បន្ទាប់ពីបានស្តាប់ នូវរបាយការណ៍ស្វាគមន៍របស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តម ជ្រា សុចិន្តា បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ ដែលអង្គភាពសម្រេចបាននាពេលកន្លងមក ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារនូវសុខសន្តិភាព ស្ថិរភាពតាមបន្ទាត់ព្រំដែន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ជាមួយនឹងការកោតសរសើរ ឯកឧត្តម ក៏បានក្រើនរំលឹកឲ្យកងទ័ព ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវភារកិច្ចស្នូលរបស់ខ្លួន និងត្រូវចូលរួមថែរក្សាឱ្យបាននូវសុខ សន្តិភាព ស្ថិរភាពនយោបាយ ដោយបន្តគាំទ្រការដឹកនាំរបស់ សម្តេចតេជោ ជាបន្តទៀត ៕ ដោយ៖សួនលីណា