ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញប្រកាសសេចក្តីសម្រេចតែងតាំងមុខងារមេបញ្ជាការរងនិងជានាយសេនាធិការនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំំពង់ធំ÷ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំកម្មវិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារនាយទាហាន ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព

ជើងគោក ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់កងយោធពលខេមរភូមិន្ទនិងអាជ្ញាធរដែនដីជាច្រើនរូប ចូលរួមផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងបានរាយការណ៍អំពីសភាពការណ៍មួយចំនួន ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពិសេសជោគជ័យនៃការសហប្រតិបត្តិការក្នុងការអនុវត្តកូននូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តកំពង់ធំ មានសុខសុវត្ថិភាពនិងមានសណ្ដាប់ធ្នាប់ល្អ និង ការ កសាង អង្គភាព រីកចម្រើន លើ គ្រប់ វិស័យ ។

ឧត្តមសេនីយ៍ត្រី ឈឹម លីន នាយការិយាល័យទី១នៃបញ្ជាការដ្ឋានកងទ័ពជើងគោក បានឡើងអានសេចក្តីសម្រេចផ្លាស់ប្ដូរមុខងារ លោកវរសេនីយ៍ឯកសោម សុភាវុធ មេបញ្ជាការរង បច្ចុប្បន្នទទួលជាមេបញ្ជាការរងនិងជានាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ឯក សោម សុភាវុធ បានឡើងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ នឹងបានធ្វើការប្ដេជ្ញាចិត្តគោរពបទបញ្ជាក្នុងការបំពេញភារកិច្ចតាមឋានានុក្រមឲ្យទទួលបានជោគជ័យ និងបានប្តេជ្ញាចិត្តរក្សាចំណងសាមគ្គីភាពជាមួយយោធិននៅក្នុងអង្គភាពក៏ដូចជាមន្ទីរស្ថាប័ននានា អាជ្ញាធរដែនដីនៅក្នុងខេត្តកំពង់ធំ ផងដែរ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ ចំពោះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសាមគ្គីសហការគ្នាបានល្អក្នុងការបំពេញភារកិច្ចតាមបទបញ្ជា ដែលថ្នាក់លើបានប្រគល់ជូន ពិសេសសូមកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំដឹកនាំកសាងអង្គភាពឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងអនុវត្តបានល្អក្នុងការងារបម្រើអតីតយុទ្ធជននិងប្រជាជននៅតាមមូលដ្ឋាននានាផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវយកចិត្តទុកដាក់អនុវត្ត ទីមួយ ការសហប្រតិបត្តិការក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅពេលខាងមុខ និងទី២ សហការល្អយកចិត្តទុកដាក់ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីប្រកួតកីឡាអាស៊ាន និងអាស៊ានប៉ារីហ្គេម ដែលយើងជាម្ចាស់ផ្ទះនៅពេលខាងមុខនេះ៕