រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធ ពិធីក្រុងពាលី បួងសួងដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មី ប្រពីណីជាតិខ្មែរ នៅវត្តនគរបាជ័យ

0

កំពង់ចាម : ក្នុង ឱកាស ចូល ឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ឆ្នាំថោះចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២៣ ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗនេះ រដ្ឋបាលខេត្តកំពង់ចាម បាន ប្រារព្ធ ពិធីក្រុងពាលី បួងសួងដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មី ប្រពីណីជាតិខ្មែរ ។

ពិធីនេះ ត្រូវ បាន ប្រារព្ធ ឡើង នៅវត្តនគរបាជ័យ ស្រុក កំពង់សៀម នាព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៣ ក្រោម វត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំង ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត និង មន្ត្រី ពាក់ព័ន្ធ ផងដែរ។

គូសបញ្ជាក់ផងដែរថា ពិធីខាងលើនេះ ក៏បាននិមន្តព្រះសង្ឃចំនួន ៧អង្គ សូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រហ្ម ដើម្បី បួងសួងសុំពរសេចក្ដីសុខចម្រើន ពីម្ចាស់ទឹក ម្ចាស់ដី ក៏ដូចជា បួងសួងទៅ ដល់ វត្ថុ ស័ក្ដិសិទ្ធិ ក្នុង លោក មាន ទេវតា រក្សា ឆ្នាំ ថ្មី ឆ្នាំថោះ ចត្វាស័ក ព្រះនាមកិមិរាទេវី ជារាជបុត្រីទី៦ នៃកបិលមហាព្រហ្ម ដែលនឹងយាងមកថែរក្សាព្រះរាជាណាចក្រកម្ពុជា សូម ជួយប្រោះ ព្រហ្មពរជ័យ សិរី សួស្តី ជ័យ មង្គល អាយុ យឺនយូរ និងសូមឲ្យ រោគារព្យាធិ ទាំងឡាយ ដែលមាននៅក្នុងឆ្នាំចាស់ វិនាសទៅហោង ហើយ សុំ សេចក្តី សុខ សព្វសាធុការ ថ្វាយទៅដល់ ព្រះមហាក្សត្រ ខ្មែរ សម្តេច ម៉ែ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច គតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បី ជាម្លប់ដ៏ត្រជាក់ត្រជុំ ក្នុងការដឹកនាំប្រទេសកម្ពុជា ឱ្យ កាន់តែរីកចំរើនទ្វេរឡើង ថែមទៀត ។
ពិធី នេះ ក៏ មានការ អុជ ធូបថ្វាយផ្កាផ្ញី បួងសួងសុំពរសេចក្ដីសុខ ចម្រើន ពីម្ចាស់ទឹក ម្ចាស់ដី បារមី លោកតា ព្រហ្ម ក៏ដូចជា បារមីវត្ថុស័កសិទ្ធិក្នុងលោកទាំងឡាយ ដែលថែរក្សាទឹកដី នៃខេត្តកំពង់ចាម សូមបីបាច់ថែរក្សាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ននានា ជុំវិញខេត្ត ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តកំពង់ចាម ឱ្យ ប្រកបតែពរសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារផងដែរ ៕