នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បន្តឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ជាង៣០គ្រួសារ នៅក្នុងស្រុកឆែប

0

ខេត្តព្រះវិហារ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ៣២គ្រួសារ ដែលកំពុងជួបប្រទះនឹងជីវភាពខ្វះខាត។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដែលជាប្រធានសមាគមអតីតយុទ្ធកម្ពុជាខេត្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីក្រោមឱវាទថ្នាក់ខេត្ត និងនៅថ្នាក់មូលដ្ឋាន ចុះសួរសុខទុក្ខ និងការនាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទៅចែកជូនដល់សមាជិកសមាគមអតីតយុទ្ធជន ទាំង៣២នាក់ នៅក្នុងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃទី១ ស្ថិតនៅក្នុងឃុំ​ម្លូព្រៃមួយ​ និងឃុំម្លូព្រៃពីរ​ ស្រុកឆែប ខេត្តព្រះវិហារ។

អំណោយដែលត្រូវផ្តល់ជូន សមាជិកសមាគមអតីតយុទ្ធជនទាំង ៣២គ្រួសារ (១៥គ្រួសារ នៅឃុំម្លូព្រៃ១ និង ១៧គ្រួសារ នៅក្នុងឃុំម្លូព្រៃ២) នៅពេលនោះ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ទឹក​ត្រី ១យួរ ទឹក​ស៊ីអ៊ីវ ១យួរ ត្រី​ខកំប៉ុង ១យួរ និងថវិកា​ ៤ម៉ឺនរៀល ផងដែ​រ។

លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា បានថ្លែង ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ្រ ច័ន្ទមុន្នី ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ សូមជួបតែសេចក្តីសុខ មានសុខភាពល្អបរិបូណ៌ និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង កោតសរសើរចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ទាំងអស់ ដែលកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ឲ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ រហូតមកដល់សព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងទៀតថា ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជា ទទួលបាននៅសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យព្រំដែនដែលធ្លាប់ជាតំបន់មានសង្គ្រាម ប្រែក្លាយទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍន៍។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអំពាវនាវ ដល់សមាជិកសមាគមអតីតយុទ្ធជនទាំងអស់ ឲ្យបន្តចូលរួមការពារសុខសន្តិភាព ឲ្យស្ថិតនៅគង់វង្ស ដើម្បីធ្វើឲ្យប្រទេសជាតិ កាន់តែទទួលបាន នូវការអភិវឌ្ឍរីកចម្រើនថែមទៀត និងកុំភ្លេចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕ ដោយ៖ឡុង សំបូរ