មកទស្សនាការការសម្តែងគុនល្បុក្កតោនៅខាងមុខប្រាសាទអង្គរវត្ត!

0

សៀមរាប:​ គុនល្បុក្កតោខ្មែរត្រូវបានចុះបញ្ជីជាសម្បត្តិបេតកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូនេស្កូ។ ក្បាច់គុនបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ និងស្មារតី ហើយធ្វើឱ្យរាងកាយអាចបត់បែន ដោយមានភាពរហ័សរហួន និងជាសិល្បៈតស៊ូមួយ ដែលអាចយកមកប្រើប្រាស់ការពារខ្លួន។កម្មវិធីនេះនឹងមានការសម្ដែងហាត់សមក្បាច់គុន ការនិទានរឿងអំពីគុនល្បុក្កតោ និងពិព័រណ៍គ្រឿងសព្វាវុធ ព្រមទាំងមានល្បែងកម្សាន្តជាច្រើនទៀតទាក់ទងនឹងក្បាច់គុនល្បុក្កតោ។

ក្រៅពីការសម្តែង «ទ្វារមេគុន» យើងក៏នឹងរៀបចំការប្រកួតជាលក្ខណៈមិត្តភាពមួយក្នុងចំណោមកីឡាករ កីឡាការនីក្បាច់គុនល្បុក្កតោអាជីពផងដែរ។
តាមរយៈក្រុមការងាររៀបចំបានឱ្យដឹងថា ដោយមានការស្នើសុំពីបណ្តាសមាគមគុនល្បុក្កតោ ក៏ដូចជាកីឡាករអាជីពជាច្រើនដែលចង់ឱ្យមានការរៀបចំការប្រកួតគុនល្បុក្កតោនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ក្រុមការងារបានរៀបចំការប្រកួតជាលក្ខណៈមិត្តភាព ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយមួយកម្រិតថែមទៀត។
ម្យ៉ាងវិញទៀត តាមរយៈការសិក្សាស្រាវជ្រាវដែលមានភស្តុតាងនៅលើចម្លាក់ថ្មនៅតាមជញ្ជាំងប្រាសាទក្នុងតំបន់អង្គរ និងរូបភាព ការរៀបចំការប្រកួតគុនល្បុក្កតោនៅមុខប្រាសាទអង្គរវត្ត នាដើមសតវត្សទី១៩ ការប្រកួតគុនល្បុក្កតោគឺជាប្រពៃណីទំនៀមទម្លាប់ដែលបុព្វបុរសខ្មែរយើងតែងតែរៀបចំធ្វើនៅក្នុងឱកាសមានបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំជាដើម។
ចំពោះការប្រកួតគុនល្បុក្កតោនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ គណៈកម្មការរៀបចំ និង សហព័ន្ធកីឡា គុនល្បុក្កតោកម្ពុជា បានដាក់លក្ខខ័ណ្ឌយ៉ាងល្អិតល្អន់ក្នុងការប្រកួត ដោយមានការត្រួតពិនិត្យ និងការដាក់ឧបករណ៍ការពារ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ​៕