ខ្យល់កន្ត្រាក់ លាយឡំជាមួយនឹងការធ្លាក់ភ្លៀង បានធ្វើឲ្យលំនៅដ្ឋានប្រជាពលរដ្ឋ ២៥០ខ្នង រងផលប៉ះពាល់ធ្ងន់និងស្រាល និងកុមារម្នាក់បានរងរបួសធ្ងន់ នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់ចំនួន ២០ នៃក្រុង-ស្រុកចំនួន ៥ នៅខេត្តស្ទឹងត្រែង បានរងការវាយបោកបក់ដោយខ្យល់កន្ត្រាក់ លាយឡំជាមួយនឹងការធ្លាក់ភ្លៀងមួយមេ បានបណ្តាលឲ្យរងផលប៉ះពាល់ធ្ងន់ និងស្រាល ប្រមាណ ២៥០ខ្នងផ្ទះ ស្មើនឹង ២៥៥គ្រួសារ និងកុមារម្នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង រួមទាំងអាជ្ញាធរនៅថ្នាក់មូលដ្ឋាន បានប្រញាប់ចាត់វិធានការបន្ទាន់ ដើម្បីចុះជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយផ្ទាល់ នៅក្នុងមូលដ្ឋាននីមួយៗនោះហើយ។

នាយករងរដ្ឋបាលខេត្ត និងជាមន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានថ្លែងឲ្យដឹងថា លេខាធិការដ្ឋាននៃគណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តស្ទឹងត្រែង បានចេញរបាយការណ៍បឋម អំពីស្ថានភាពផលប៉ះពាល់ ដោយសារករណីខ្យល់កន្ត្រាក់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ លោកថា ខ្យល់បានបោកបក់កាត់ខេត្តស្ទឹងត្រែង ធ្វើឲ្យក្រុង១ និងស្រុក៤ មាន ២០ឃុំ-សង្កាត់ និងផ្ទះប្រជាពលរដ្ឋចំនួន ២៥០ខ្នង ស្មើនឹង ២៥៥គ្រួសារ បានរងផលប៉ះពាល់នៅក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅយប់ ថ្ងៃទី១៥មេសា២០២៣នោះ។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានបញ្ជាក់ថា ឃុំ-សង្កាត់ ក្រុង-ស្រុក ដែលរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់នោះ រួមមាន៖ ស្រុកសេសាន ប៉ះពាល់ ១១២ខ្នងផ្ទះ ស្មើនឹង ១១៧គ្រួសារ ក្នុងនោះ ឃុំភុន ៧ខ្នងផ្ទះ ឃុំក្បាលរមាស ៦៣ខ្នងផ្ទះ ឃុំសាមឃួយ ៤ខ្នងផ្ទះ ឃុំស្ដៅ ១ខ្នងផ្ទះ ឃុំស្រែគរ ៧ខ្នងផ្ទះ ឃុំតាឡាត ៣០ខ្នងផ្ទះ និងមានករណីបាក់ដើមឈើ ដួលបង្គោលភ្លើង ដាច់ខ្សែភ្លើងធ្លាក់លើផ្លូវ នៅតាមបណ្ដាឃុំមួយចំនួនទៀត ,ស្រុកថាឡាបរិវ៉ាត់ ១៤ខ្នងផ្ទះ ស្មើនឹង ១៤គ្រួសារ ប៉ះពាល់នៅឃុំសំអាង ៣ខ្នងផ្ទះ ស្មើនឹង ៣គ្រួសារ នៅឃុំអូររៃ ៦ខ្នងផ្ទះ ស្មើនឹង ៦គ្រួសារ នៅឃុំកាំងចាម ១ខ្នងផ្ទះ ស្មើនឹង ១គ្រួសារ ឃុំអន្លង់ជ្រៃ ៤ខ្នងផ្ទះ និងមានករណីបាក់ដើមឈើ ដួលបង្គោលភ្លើង ដាច់ខ្សែភ្លើងធ្លាក់លើផ្លូវនៅតាមបណ្ដាឃុំមួយចំនួនទៀត ,ក្រុងស្ទឹងត្រែង ប៉ះពាល់នៅសង្កាត់សាមគ្គី ២០ខ្នងផ្ទះ ស្មើ ២០គ្រួសារ ក្នុងនោះបណ្ដាលឱ្យកុមារម្នាក់រងរបួសធ្ងន់ ,ស្រុកបុរីអូរស្វាយសែនជ័យ ៤៦ខ្នងផ្ទះ ស្មើនឹង ៤៦គ្រួសារ ប៉ះពាល់នៅឃុំកោះស្នែង ៣៦គ្រួសារ នៅឃុំព្រះរំកិល ៩គ្រួសារ នៅឃុំអូរស្វាយ ១គ្រួសារ និងស្រុកសៀមបូក ៤៦ខ្នងផ្ទះ ស្មើនឹង ៤៦គ្រួសារ ប៉ះពាល់នៅឃុំកោះសំពាយ ២គ្រួសារ ឃុំកោះព្រះ ៦គ្រួសារ ឃុំសៀមបូក ៤គ្រួសារ ឃុំកោះស្រឡាយ ១១គ្រួសារ ឃុំអូរម្រះ ២១គ្រួសារ និងឃុំអូរឫស្សីកណ្ដាល ២គ្រួសារ ផងដែរ។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានបញ្ជាក់ទៀតថា ក្រោយហេតុការណ៍ខ្យល់កន្ត្រាក់ នៅក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ អាជ្ញាធរនៅថ្នាក់មូលដ្ឋានឃុំ-សង្កាត់ ស្រុក-ក្រុង បូករួមទាំងកម្លាំងប្រជាការពារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅពិនិត្យ និងសម្រួលនៅក្នុងកម្រិតណាមួយ ដែលអាចធ្វើទៅបាន។

ដោយឡែក លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តស្ទឹងត្រែង កំពុងដាក់ស្នើសុំគោលការណ៍ ថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងការពិនិត្យលទ្ធភាពដោះស្រាយអន្តរាគមន៍ ជាស្បៀងអាហារមួយចំនួន ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នោះហើយ៕ដោយ៖ឡុង សំបូរ