កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីជួបជុំបូកសរុបវាយតម្លៃលទ្ធផលការងារការសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានអញ្ជើញចូលរួមអបអរ សាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈ
ពេលបីថ្ងៃនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាពេលកន្លងមក ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិ បតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិ ការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍បូកសរុបលទ្ធផលក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងការ ការពារសន្តិសុខសុវត្ថិភាពនៅតាមទីវត្តអារាម និងនៅតាមទីរមណីយដ្ឋាននានា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រកបដោយសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ព្រមជាមួយនោះផងដែរ កងកម្លាំងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ១០០នាក់ ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំខេត្តនិងប្រជាពលរដ្ឋ ក្នុងការលេងល្បែងរបាំប្រជាប្រិយ និងរាំម៉ាឌីហ្សុនជាក្រុម ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះនាយទាហាន នាយទា ហានរង និងពលទាហានទាំងអស់ ដែលបានទទួល ខុសត្រូវខ្ពស់តាមភារកិច្ច ដែលបានប្រគល់ ក្នុងនោះមានភារកិច្ចសហប្រតិបត្តិការជាមួយបណ្ដាកងកម្លាំងទាំងបីនិងអាជ្ញាធរដែនដី ធានាបានសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូនប្រជា ពលរដ្ឋ ចូលរួមសប្បាយរីករាយអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅតាមមូលដ្ឋាននានាបានយ៉ាងល្អប្រសើរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានកោត សរសើរចំពោះ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងកម្លាំងទាំងអស់ ដែលបានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងទីតាំងបន្ទាយមុនពេលចូលឆ្នាំថ្មីនៅតាមអង្គភាពនីមួយៗ និងថ្លែងនូវការកោត សរសើរដល់កងកម្លាំងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន១០០នាក់ ដែលបានចូលរួមរាំម៉ាឌីហ្សុនជាក្រុម ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ធំឆ្នាំ២០២៣ ទទួលបានជោគជ័យ ។
នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ថវិកាចំនួន ៤ លានរៀល ដែលជា អំណោយរបស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជូនដល់ក្រុមរាំម៉ាឌីហ្សុនចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ៤០,០០០ រៀល ផងដែរ៕





































