ខេត្តមណ្ឌលគិរី៖ សកម្មភាពដឹកជញ្ជូនឈើធ្វើជំនួញ ពីសំណាក់ក្រុមឈ្មួញនៅក្នុងខេត្តមណ្ឌលគិរី ត្រូវគេកត់សម្គាល់ឃើញថា នៅតែកើតមានជាហូរហែរ ,សកម្មភាពខុសច្បាប់នេះ បានញ៉ាំងឲ្យកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧៦១ បានប្រញ៉ាប់ចុះបង្ក្រាប ដោយរឹបអូសបានរថយន្ត ១គ្រឿង និងឈើជ្រុង ២០ដុំ នៅម៉ោង៦ និង៤៥នាទីល្ងាច ថ្ងៃទី១៧មេសា២០២៣ ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថស្នាក់៧៦១ បានប្រដេញស្ទាក់ចាប់បានរថយន្តដឹកឈើ ១គ្រឿង ប្រភេទសាំយ៉ុង កែច្នៃជារថយន្តទ្រុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដឹកឈើជ្រុងលេខ១ ប្រភេទស្រឡៅ ២០ដុំ ដែលមានមុខកាត់ធំៗ សមត្ថកិច្ចនៅគ្រានោះ ចាប់បានតែរថយន្តដែលមានផ្ទុកឈើ ចំណែក អ្នកបើកបររថយន្តដឹកឈើ បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយការបង្ក្រាប រថយន្ត១គ្រឿងដែលមានផ្ទុកបទល្មើសឈើជ្រុង ២០ដុំនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ទៅឲ្យមន្ត្រីជំនាញ នៃសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់ស្រែព្រះ ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ដោយ៖ឡុង សំបូរ