កំពង់ធំ÷ នៅសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាល ស្រុកស្ទោង និងសហការី បានអញ្ជើញ ចែកអំណោយ សម្រាលការលំបាក របស់ប្រជាពលរដ្ឋ ដែលបានមានជីវភាពក្រីក្រ និងងាយរងហានិភ័យចំនួន១១គ្រួសារ ស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួននៅពេលនេះលោក សាយ គឹមឡម បានលើកឡើងថា(ទីណាមានទុក្ខលំបាក ទីនោះមានវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជានិច្ច) ក្នុងឱកាសនេះដែរលោក អភិបាលស្រុកស្ទោង បានពាំនាំនូវការផ្តាំសួរសុខទុក្ខ របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ និងទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក សាយ គឹមឡម ក៏បានបញ្ជាក់បន្ថែមថា ការចែកស្បៀងនៅពេលនេះជាការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកហើយជាកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ មានការជួយជ្រោមជ្រែងយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន។
លើសពីនេះទៀតលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរភូមិឃុំគ្រប់មូលដ្ឋានត្រូវតែបង្កើនការយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងមូលដ្ឋាន ក្នុងការជួយសង្គ្រោះទៅតាមស្ថានភាពជាក់ស្ដែង និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាពឲ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះក្នុងមួយគ្រួសារៗទទួលបាននូវ÷ អង្ករ០១បេ ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងមី០១កេសផងដែរ។




































