រដ្ឋបាលស្រុកតាំងគោក សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍/សន្ទុក ចុះពិនិត្យនិងព្យាបាលជំងឺដោយពុំគិតថ្លៃនៅឃុំអណ្តូងពោធិ៍

0

កំពង់ធំ÷ ការរាតត្បាតនៃជម្ងឺកូវីដ-១៩ នាឆ្នាំ២០២០ និង២០២១ កន្លងមកព្រមទាំងជំនន់ទឹកភ្លៀងប៉ុន្មានខែមុននេះ ធ្វើឲ្យប្រជាពលរដ្ឋស្រុកតាំងគោកមួយចំនួនបានជួបការប្រឈមលំបាកក្នុងជីវភាពរស់នៅ ដូច្នេះការពិនិត្យព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃគឺជា ការរួមចំណែកជួយកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ជាក់ស្តែងដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជនតាមរយ:លោក ហាក់ ម៉ុងហួត អភិបាលស្រុក តាំងគោក បានសហការជាមួយក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលប្រតិបត្តិ បារាយណ៍-សន្ទុក បន្តធ្វើការពិនិត្យព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
នៅក្នុងឪកាសនោះផងដែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពុំបានមកផ្ទាល់ដោយសារមានកិច្ចការដែលត្រូវបំពេញទាំងក្នុង និងក្រៅប្រទេស សម្តេចតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន។

ស្របពេលដែលអាជ្ញាធរភូមិ ឃុំ ចុះជាប្រចាំក្នុងមូលដ្ឋានដើម្បីក្តាបបានរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូន រាយការណ៍បន្តទៅថ្នាក់លើជួយអន្តរាគមន៍ករណីខ្លួន មិនមានលទ្ធភាពដោះស្រាយជូន។ ក្នុងនោះផងដែរលោកអភិបាលស្រុកតាំងគោក ក៏ធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនបងប្អូន លោកយាយ លោកតានៅពេលនេះ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។ លោក ហាក់ ម៉ុងហួតក៏បានបន្តទៀតថា ការចុះពិនិត្យព្យាបាលនេះជាសកម្មភាពបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យដែលធ្វើជារាងរាល់ថ្ងៃនៅតាមមណ្ឌលសុខភាព ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទៅរកសេវាសុខភាព នៅក្បែរផ្ទះព្រោះវាអាចកាត់បន្ថយនូវការចំណាយលើសេវាឯកជន ម្យ៉ាងទៀតតាមមណ្ឌលសុខភាពមានសម្ភារ:គ្រប់គ្រាន់ មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។
សូមបញ្ជាក់ថា៖ ការពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើបាន៨ឃុំពិនិត្យនិងព្យាបាលជំងឺបងប្អូន លោកយាយលោកតាបាន ចំនួន៣,២៧៦នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុកនិងក្រុមគ្រូពេទ្យនិងបន្តធ្វើទៀត៕